មាន​ពេល​មួយ កូន​ៗ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​លេង​ព្យាណូ​ឲ្យ​ពួក​គេ​ស្តាប់ បន្ទាប់​ពី​ខ្ញុំ​បាន​តស៊ូ​នៅ​ក្នុង​ការ​រៀន​លេង​ព្យាណូ ថ្នាក់​មូល​ដ្ឋាន កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ខ្ញុំ​ក៏​បាន​អង្គុយ​ចុះ ហើយ​ចាប់​ផ្តើម​លេង​ណោត C Major។ ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​លេង​ព្យាណូ​តែ​បន្តិច​បន្តួច​ទេ ដូច​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​នៅ​ចាំ​របៀប​លេង​ព្យាណូ។ ពេល​នោះ ខ្ញុំ​ក៏​បាន​លេង​ព្យាណូ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​លេង​ណោត​មួយ​ហើយ បន្ត​ទៅ​ណោត​មួយ​ទៀត រហូត​បាន​៧​ណោត។ ការ​ហ្វឹក​ហាត់​អស់​ជា​ច្រើន​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ណោត និង​តិច​និច​នៃ​ការ​លេង ដក់​ជាប់​យ៉ាង​ជ្រៅ និង​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ដៃ ហើយ​មាន​ការ​រេផ្លិច នៅ​ក្នុង​ការ​លេង​ព្យាណូ​យ៉ាង​ស្ទាត់​ជំនាញ។

មាន​រឿង​ជា​ច្រើន ដែល​ដក់​ជាប់​យ៉ាង​ជ្រៅ ក្នុង​ចិត្ត​យើង ធ្វើ​ឲ្យ​យើង​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់មាន​ចំពោះ​កូន​របស់​ព្រះ​អង្គ បាន​ដក់​ជាប់​ក្នុង​ចិត្ត​យើង ជ្រៅ​ជាង​អ្វី​ៗ​ទាំង​អស់ ដែល​យើង​បាន​ជួប។ តាម​ពិត ព្រះ​ជា​ម្ចាស់​ក៏​មិន​អាច​បំភ្លេច​យើង​បាន​ឡើយ។ នេះ​ជា​អ្វី​ដែល​ពួក​សាសន៍​អ៊ីស្រាអែល​ត្រូវ​ដឹង ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​បានបោះ​បង់​ពួក​គេ​ចោល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​និរទេស​អស់​ជា​ច្រើន​ឆ្នាំ​(អេសាយ ៤៩:១៤)។ ព្រះ​អង្គ​បាន​ឆ្លើយ​តប​តាម​រយៈ​ហោរា​អេសាយ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ​(ខ.១៥)។ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់ ដែល​លើស​ក្តី​ស្រឡាញ់ ដែល​ម្តាយ​មាន​ចំពោះ​កូន។

ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ធានា អំពី​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អង្គ ដោយ​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​ចារឹក​ពួក​គេ​ទុក​នៅ​លើ​ព្រះ​ហស្ត​ព្រះ​អង្គ​ហើយ(ខ.១៦)។ នេះ​ជា​បន្ទូល​ប្រៀប​ប្រដូច​ដ៏​មាន​ន័យ អំពី​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​គ្រប់​ពេល​វេលា ចំពោះ​កូន​របស់​ព្រះ​អង្គ ដោយ​ឈ្មោះ និង​មុខ​របស់​ពួក​គេ តែង​តែ​នៅ​ពី​មុខ​ព្រះ​អង្គ​ជា​និច្ច។​

សូម្បី​តែ​​នៅ​ពេល​សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា ព្រះ​អង្គ​បាន​មើល​រំលង ឬ​ភ្លេច​យើង។ តែ​យើង​ត្រូវ​ចាំ​ថា ព្រះ​អង្គ​បាន​ចារឹក​យើង​ជាប់​នឹង​ព្រះ​ហស្ត​ព្រះ​អង្គ បាន​សេចក្តី​ថា ព្រះ​វរបិតា​តែង​តែ​នឹក​ចាំ ថែ​រក្សា និង​ស្រឡាញ់​យើង​ជា​និច្ច។ —LISA M. SAMRA