មាន​ពេល​មួយ ព្រះ​វិហារ​តូច​មួយ នៅ​រដ្ឋ​កាលី​ហ្វូញ៉ា​ខាង​ត្បូង បាន​រក​ឃើញ​ឱកាស ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​ប្រព្រឹត្ត​ជាក់​ស្តែង។ អ្នក​ជឿ​ព្រះ នៅ​ព្រះវិហារ​នេះ​ក៏​បាន​មក​ជួប​ជុំ​គ្នា នៅ​កន្លែង​បោក​គក់​សំលៀក​បំពាក់​មួយ ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ ដើម្បី​បម្រើ​សហគមន៍​របស់​ពួក​គេ ដោយ​បោក​គក់​សំលៀក​បំពាក់ ឲ្យ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាតផ្នែក​ហិរញ្ញ​វត្ថុ។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​បាន​បោក​គក់ និង​បត់​ខោ​អាវ​ឲ្យ​អ្នក​ទាល់​ក្រ ហើយ​ជួន​កាល ក៏​បាន​ចែក​អាហារ​ក្តៅ​ៗ ឬ​គ្រឿង​ទេស ឲ្យ​ពួក​គេ​ផង​ដែរ។

អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​រក​ឃើញ​ថា គាត់​មាន​អំណរ​បំផុត នៅ​ក្នុង​ការងារ​នេះ  នៅ​ពេល​ដែល​គាត់​បាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ពួក​គេ … ហើយ​បាន​ស្តាប់​ពួក​គេ​ចែកចាយ​អំពី​រឿង​រ៉ាវ​ផ្សេង​ៗ”។ ដោយ​សារ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​យេស៊ូវ នោះ​ពួក​គេ​ចង់​បង្ហាញ​ចេញ​នូវ​ជំនឿ​របស់ខ្លួន តាម​រយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់ ដែល​បាន​ជួយ​ពួក​គេ ឲ្យ​អាច​មាន​ទំនាក់​ទំនង​ពិត​ប្រាកដ ជា​មួយ​អ្នក​ដទៃ។

សាវ័ក​យ៉ាកុប​បាន​បញ្ជាក់​ថា ការ​បម្រើ ដែល​គ្រីស្ទ​បរិស័ទ​បាន​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ គឺ​បាន​បង្ហាញ​ថា ពួក​គេ​មាន​ជំនឿ​ដ៏ពិត ចំពោះ​ព្រះ​យេស៊ូវ។ គាត់​បាន​លើក​ឡើង​ថា “ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត គឺ​ជា​ជំនឿ​ស្លាប់”(យ៉ាកុប ២:១៤-១៧)។ ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​កូន​ព្រះ ប៉ុន្តែ ពេល​ដែល​យើង​បម្រើ​ព្រះ​អង្គ ដោយ​បម្រើ​អ្នក​ដទៃ គឺ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត ក្នុង​នាម​ជា​អ្នក​ដែល​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ(ខ.២៤)។ សេចក្តី​ជំនឿ និង​ការ​បម្រើ មាន​ការ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត​រមួត ដូច​ជា​រូប​កាយ និង​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស​(ខ.២៦) ដែល​ជា​ការ​បង្ហាញ​ចេញ​ដ៏​មាន​ន័យ នូវ​អំណាច​ចេស្តា​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ធ្វើ​ការ នៅ​ក្នុង និង​តាម​រយៈ​យើង។

បន្ទាប់​ពី​យើង​បាន​ទទួល​ស្គាល់​ដោយ​ផ្ទាល់​ខ្លួន​ថា ការ​លះ​បង់​របស់​ព្រះ​នៅ​លើ​ឈើ​ឆ្កាង បាន​លាង​សម្អាត​យើង ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ នោះ​យើង​អាច​ឆ្លើយ​តប ដោយ​ជំនឿ​ដ៏​ពិត ដែល​បង្ហូរ​ចេញ​មក តាម​រយៈ​ការ​បម្រើ​អ្នក​ដទៃ។—XOCHITL DIXON