មានពេលមួយ ព្រះវិហារតូចមួយ នៅរដ្ឋកាលីហ្វូញ៉ាខាងត្បូង បានរកឃើញឱកាស ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយការប្រព្រឹត្តជាក់ស្តែង។ អ្នកជឿព្រះ នៅព្រះវិហារនេះក៏បានមកជួបជុំគ្នា នៅកន្លែងបោកគក់សំលៀកបំពាក់មួយ ក្នុងតំបន់ដែលពួកគេរស់នៅ ដើម្បីបម្រើសហគមន៍របស់ពួកគេ ដោយបោកគក់សំលៀកបំពាក់ ឲ្យអ្នកដែលមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ។ អ្នកស្ម័គ្រចិត្តទាំងនោះបានបោកគក់ និងបត់ខោអាវឲ្យអ្នកទាល់ក្រ ហើយជួនកាល ក៏បានចែកអាហារក្តៅៗ ឬគ្រឿងទេស ឲ្យពួកគេផងដែរ។
អ្នកស្ម័គ្រចិត្តម្នាក់បានរកឃើញថា គាត់មានអំណរបំផុត នៅក្នុងការងារនេះ នៅពេលដែលគាត់បានទំនាក់ទំនងដោយផ្ទាល់ជាមួយពួកគេ … ហើយបានស្តាប់ពួកគេចែកចាយអំពីរឿងរ៉ាវផ្សេងៗ”។ ដោយសារអ្នកស្ម័គ្រចិត្តទាំងនោះមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវ នោះពួកគេចង់បង្ហាញចេញនូវជំនឿរបស់ខ្លួន តាមរយៈពាក្យសម្តី និងការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ដែលបានជួយពួកគេ ឲ្យអាចមានទំនាក់ទំនងពិតប្រាកដ ជាមួយអ្នកដទៃ។
សាវ័កយ៉ាកុបបានបញ្ជាក់ថា ការបម្រើ ដែលគ្រីស្ទបរិស័ទបានធ្វើដោយសេចក្តីស្រឡាញ់ គឺបានបង្ហាញថា ពួកគេមានជំនឿដ៏ពិត ចំពោះព្រះយេស៊ូវ។ គាត់បានលើកឡើងថា “ជំនឿដែលគ្មានការប្រព្រឹត្ត គឺជាជំនឿស្លាប់”(យ៉ាកុប ២:១៤-១៧)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវ យើងក្លាយជាកូនព្រះ ប៉ុន្តែ ពេលដែលយើងបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ គឺមានន័យថា យើងបានប្រព្រឹត្ត ក្នុងនាមជាអ្នកដែលជឿ និងដើរតាមព្រះយេស៊ូវ(ខ.២៤)។ សេចក្តីជំនឿ និងការបម្រើ មានការពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត ដូចជារូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្ស(ខ.២៦) ដែលជាការបង្ហាញចេញដ៏មានន័យ នូវអំណាចចេស្តារបស់ព្រះគ្រីស្ទ ដែលបានធ្វើការ នៅក្នុង និងតាមរយៈយើង។
បន្ទាប់ពីយើងបានទទួលស្គាល់ដោយផ្ទាល់ខ្លួនថា ការលះបង់របស់ព្រះនៅលើឈើឆ្កាង បានលាងសម្អាតយើង ក្នុងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ នោះយើងអាចឆ្លើយតប ដោយជំនឿដ៏ពិត ដែលបង្ហូរចេញមក តាមរយៈការបម្រើអ្នកដទៃ។—XOCHITL DIXON