នៅផ្នែកខាងកើត នៃទីក្រុងយេរូសាឡិម មានទឹកផុសធម្មជាតិមួយកន្លែង។ នៅសម័យបុរាណ វាជាប្រភពទឹកតែមួយគត់ របស់ទីក្រុងយេរូសាឡិម ហើយមានទីតាំងនៅក្រៅកំផែងទីក្រុង។ ដូចនេះ វាជាចំណុចខ្សោយបំផុត របស់ទីក្រុងនេះ។ កងទ័ពរបស់សត្រូវមិនងាយនឹងរំលំកំផែងទីក្រុងនេះឡើយ តែដោយសារប្រភពទឹកនេះ នៅក្រៅកំផែងក្រុង នោះពួកគេអាចបង្វែរទិសដៅរបស់ទឹកផុសនេះ ឲ្យហូរទៅកន្លែងផ្សេង ឬធ្វើទំនប់ទប់ទឹកមិនឲ្យហូរចូលទីក្រុង ដើម្បីបង្ខំទីក្រុងនេះ ឲ្យចុះចាញ់។
ស្តេចហេសេគាក៏បានលើកឡើង អំពីចំណុចខ្សោយនេះ ហើយបង្គាប់ឲ្យគេជីករូងក្រោមដី កាត់តាមថ្មកម្រាស់ជាង៥០០ម៉ែត្រ ដើម្បីបង្ហូរទឹកចូលទៅក្នុងទីក្រុងយេរូសាឡិម(មើល២ពង្សាវតាក្សត្រ ២០:២២ និង ២របាក្សត្រ ៣២:២-៤)។ ប៉ុន្តែ នៅក្នុងរឿងនេះ ស្តេចហេសេគា មិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬទទួលស្គាល់ព្រះអង្គ ដែលបានរៀបផែនការ ជាយូរមកហើយនោះទេ”(អេសាយ ២២:១១)។ តើព្រះអង្គបានរៀបផែនការអ្វី ?
ត្រង់ចំណុចនេះ ព្រះជាម្ចាស់បាន “រៀបផែនការ” សម្រាប់ទីក្រុងយេរូសាឡិម ដោយដាក់ប្រភពទឹកនៅក្រៅកំផែងក្រុង ធ្វើឲ្យពួកគេមិនអាចការពារប្រភពទឹកនោះបាន។ ប្រភពទឹកនៅក្រៅកំផែងក្រុង បានធ្វើជាការរំឭកជាប្រចាំ ដល់អ្នកក្រុងយេរូសាឡិមថា ពួកគេត្រូវពឹងផ្អែកលើព្រះអង្គទាំងស្រុង ដើម្បីទទួលការជួយសង្រ្គោះពីព្រះអង្គ។
នៅក្នុងរឿងនេះមានន័យថា ព្រះជាម្ចាស់បានឲ្យយើងមានចំណុចខ្សោយ ដើម្បីជាប្រយោជន៍ដល់យើងឬ? ជាការពិតណាស់ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ “អួត” តែអំពីចំណុចខ្សោយរបស់គាត់ ព្រោះគេអាចមើលឃើញសម្រស់ និងព្រះចេស្តារបស់ព្រះយេស៊ូវ នៅក្នុងគាត់ តាមរយៈភាពកម្សោយរបស់គាត់(២កូរិនថូស ១២:៩-១០)។ ដូចនេះ តើយើងអាចចាត់ទុកចំណុចខ្សោយយើង ជាអំណោយ ដែលបង្ហាញថា ព្រះជាកម្លាំងរបស់យើងឬទេ? —DAVID H. ROPER