នៅ​ផ្នែក​ខាង​កើត នៃ​ទីក្រុង​យេរូសាឡិម មាន​ទឹក​ផុស​ធម្មជាតិ​មួយ​កន្លែង។ នៅ​សម័យ​បុរាណ វា​ជា​ប្រភព​ទឹក​តែ​មួយ​គត់ របស់​ទីក្រុង​យេរូសាឡិម ហើយ​មាន​ទីតាំង​នៅ​ក្រៅ​កំផែង​ទី​ក្រុង។ ដូច​នេះ វា​ជា​ចំណុច​ខ្សោយ​បំផុត របស់​ទីក្រុង​នេះ។ កង​ទ័ព​របស់​សត្រូវ​មិន​ងាយ​នឹង​រំលំ​កំផែង​ទីក្រុង​នេះ​ឡើយ តែ​ដោយ​សារ​ប្រភព​ទឹក​នេះ នៅ​ក្រៅ​កំផែង​ក្រុង នោះ​ពួក​គេ​អាច​បង្វែរ​ទិស​ដៅរបស់​ទឹក​ផុស​នេះ ឲ្យ​ហូរ​ទៅ​កន្លែង​ផ្សេង ឬ​ធ្វើ​ទំនប់​ទប់​ទឹក​មិន​ឲ្យ​ហូរ​ចូល​ទីក្រុង ដើម្បី​បង្ខំ​ទីក្រុង​នេះ ឲ្យ​ចុះ​ចាញ់។

ស្តេច​ហេសេគា​ក៏​បាន​លើក​ឡើង អំពី​ចំណុច​ខ្សោយ​នេះ ហើយ​បង្គាប់​ឲ្យ​គេ​ជីក​រូង​ក្រោម​ដី កាត់​តាម​ថ្ម​កម្រាស់​ជាង​៥០០​ម៉ែត្រ ដើម្បី​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម(មើល​២ពង្សាវតាក្សត្រ ២០:២២ និង ២របាក្សត្រ ៣២:២-៤)។ ប៉ុន្តែ នៅ​ក្នុងរឿង​នេះ ស្តេច​ហេសេគា មិន​បាន​ពឹង​ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ទទួល​ស្គាល់​ព្រះ​អង្គ ដែល​បាន​រៀប​ផែន​ការ ជា​យូរ​មក​ហើយ​នោះ​ទេ”(អេសាយ ២២:១១)។ តើ​ព្រះ​អង្គ​បាន​រៀប​ផែន​ការ​អ្វី ?

ត្រង់​ចំណុច​នេះ ព្រះ​ជាម្ចាស់​បាន “រៀប​ផែន​ការ” សម្រាប់​ទីក្រុង​យេរូសាឡិម ដោយ​ដាក់​ប្រភព​ទឹក​នៅ​ក្រៅ​កំផែង​ក្រុង ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ការពារ​ប្រភព​ទឹក​នោះ​បាន។ ប្រភព​ទឹក​នៅ​ក្រៅ​កំផែង​ក្រុង បាន​ធ្វើ​ជា​ការ​រំឭក​ជា​ប្រចាំ ដល់​អ្នក​ក្រុង​យេរូសាឡិមថា ពួក​គេ​ត្រូវ​ពឹង​ផ្អែកលើ​ព្រះ​អង្គ​ទាំង​ស្រុង ដើម្បី​ទទួល​ការ​ជួយ​សង្រ្គោះ​ពី​ព្រះ​អង្គ។

នៅ​ក្នុង​រឿង​នេះ​មាន​ន័យ​ថា ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​យើង​មាន​ចំណុច​ខ្សោយ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ឬ? ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់ “អួត” តែ​អំពី​ចំណុច​ខ្សោយ​របស់​គាត់ ព្រោះ​គេ​អាច​មើល​ឃើញ​សម្រស់ និង​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​គាត់ តាម​រយៈ​ភាព​កម្សោយ​របស់​គាត់​(២កូរិនថូស ១២:៩-១០)។ ដូច​នេះ តើ​យើង​អាច​ចាត់​ទុក​ចំណុច​ខ្សោយ​យើង ជា​អំណោយ ដែល​បង្ហាញ​ថា ព្រះ​ជា​កម្លាំង​របស់​យើង​ឬ​ទេ? —DAVID H. ROPER