អ្នក​ស្រី​រេបេកា លេម៉ូស-អូតេរ៉ូ(Rebecca Lemos-Otero) ដែល​ជា​ស្ថាបនិក នៃ​កម្ម​វិធី​ស៊ីធី ប្លូសិម បាន​ឲ្យ​យោបល់​ថា “យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ក្មេង​ៗ​បោះ​គ្រាប់​ពូជ នៅ​កន្លែង​ណា​ដែល​ពួក​គេ​ចង់​បោះ នៅ​ក្នុង​ច្បារ​ដំណាំ ហើយ​យើង​ចាំ​មើល តើ​នឹង​មាន​អ្វី​ដុះ​ចេញ​មក”។ នេះ​មិន​មែន​ជា​គំរូ នៃ​ការ​ដាំ​ដំណាំ ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ទេ តែ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ថា គ្រាប់​ពូជ​នីមួយ​ៗ មាន​សក្តានុ​ពល នៅ​ក្នុង​ការ​លូត​លាស់​មាន​ជីវិត។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ កម្ម​វិធី​ស៊ីធី ប្លូសិម បាន​បង្កើត​ច្បារ​ដំណាំ​ជាច្រើន សម្រាប់​សាលា​រៀន និង​តំបន់​ដែល​ប្រជាជន​ប្រាក់​ចំណូល​តិច​រស់​នៅ។ ក្មេង​ៗ​នៅ​ទីនោះ​បាន​សិក្សា អំពី​អាហារ​បម្រុង និង​បាន​រៀន​ជំនាញ​ដាំ​ដំណាំ សម្រាប់​ប្រកប​របរ​នៅ​ពេល​អនាគត​ផង​ដែរ។ អ្នក​ស្រី​រេបេកា​បាន​មាន​ប្រសាសន៍​ថា “ការ​មាន​ច្បារ​ដំណាំ នៅ​ក្នុង​ទីប្រជុំ​ជន … បាន​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ៗ​បាន​ចេញ​ទៅ​ក្រៅ ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត”។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​ការ​ព្រោះ​គ្រាប់​ពូជ ដែល​មាន​សក្តានុពល នៅ​ក្នុង​ការ​បង្ករ​បង្កើត​ផល “បាន​១ជា​១​រយ​ភាគ​”(លូកា ៨:៨)។ គ្រាប់​ពូជ​នោះ​ជា​ដំណឹង​ល្អ​របស់​ព្រះ ដែល​បាន​បណ្តុះ​នៅ​លើ “​ដី​ល្អ” ដែល​ជា “​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះបន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្តី​អត់ធន់​វិញ”(ខ.១៥)។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា វិធី​តែ​មួយ​គត់ ដើម្បី​ឲ្យ​យើង​អាច​បង្កើត​ផល​ផ្លែ គឺ​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​អង្គ(យ៉ូហាន ១៥:៤)។ កាល​ណា​យើង​បាន​ទទួល​ការ​បង្រៀន​ពី​ព្រះ​យេស៊ូវ ហើយ​នៅ​ជាប់​នឹង​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ក៏​បាន​បង្កើត​ផល​ផ្លែ​ខាង​វិញ្ញាណ ក្នុង​ជីវិត​យើង ដែល​មាន​ដូច​ជា “សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី ៥:២២-២៣)។ ព្រះ​អង្គ​ប្រើ​ផល​ផ្លែ ដែល​ព្រះ​អង្គ​បាន​បង្កើត​ក្នុង​ជីវិត​យើង ដើម្បីជះ​ឥទ្ធិ​ពល​មក​លើ​ជីវិត​អ្នកដទៃ ដើម្បី​ឲ្យ​ពួក​គេ​ផ្លាស់​ប្រែ និង​លូត​លាស់​បង្កើត​ផល​ផ្លែ ក្នុង​ជីវិត​របស់​ពួក​គេ​ផង​ដែរ។ —ANNE CETAS