ពេលលោកចេហ្វ(Jeff) ទើបតែទទួលជឿព្រះយេស៊ូវ និងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ គាត់ក៏បានធ្វើការ នៅក្រុមហ៊ុនប្រេងឆៅដ៏ធំមួយ។ ដោយសារគាត់មានតួនាទីជាអ្នកលក់ គាត់បានធ្វើដំណើរទៅកាន់កន្លែងជាច្រើន ហើយក្នុងការធ្វើដំណើរបស់គាត់ គាត់បានស្តាប់រឿងកំសត់ៗរបស់មនុស្សជាច្រើន។ គាត់ក៏បានដឹងថា អ្វីដែលអតិថិជនរបស់គាត់ត្រូវការបំផុត គឺមិនមែនប្រេងឆៅនោះទេ។ ពួកគេត្រូវការក្តីអាណឹត ពួកគេត្រូវការព្រះជាម្ចាស់។ បញ្ហានេះក៏បានបណ្តាលចិត្តលោកចេហ្វ ឲ្យទៅរៀននៅសាលាព្រះគម្ពីរ ដើម្បីស្វែងយល់បន្ថែមអំពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយទីបំផុត ក៏បានក្លាយជាគ្រូគង្វាល។
ក្តីអាណឹតរបស់លោកចេហ្វ មានប្រភពនៅក្នុងព្រះយេស៊ូវ។ តាមបទគម្ពីរម៉ាថាយ ៩:២៧-៣៣ យើងឃើញថា ព្រះយេស៊ូវបានបង្ហាញព្រះទ័យក្តួលអាណឹត តាមរយៈការប្រទាននូវការប្រោសឲ្យជា ដល់បុរសពីរនាក់ដែលខ្វាក់ភ្នែក និងបុរសម្នាក់ដែលត្រូវអារក្សចូល។ កាលព្រះអង្គកំពុងបំពេញព្រះរាជកិច្ច នៅលើផែនដីនេះ ព្រះអង្គបានចេញទៅផ្សាយដំណឹងល្អ និងប្រោសជម្ងឺ នៅតាមភូមិ និងទីក្រុងជាច្រើន(ខ.៣៥)។ ហេតុអ្វី? ព្រោះពេលណាព្រះអង្គបានឃើញហ្វូងមនុស្ស ព្រះអង្គមានព្រះទ័យអាណឹតចំពោះពួកគេ ដោយពួកគេត្រូវគេធ្វើបាប និងគ្មានក្តីសង្ឃឹម ដូចជាសត្វចៀមដែលគ្មានអ្នកគង្វាល(ខ.៣៦)។
ពិភពលោកសព្វថ្ងៃ នៅតែមានពេញទៅដោយបញ្ហា និងមនុស្សដែលកំពុងមានការឈឺចាប់ ដែលត្រូវការសេចក្តីស្រឡាញ់ និងអាណឹត ពីព្រះអង្គសង្រ្គោះ។ ព្រះយេស៊ូវបង្ហាញព្រះទ័យអាណឹតដល់មនុស្សទាំងអស់ ដែលចូលមករកព្រះអង្គ គឺដូចជាអ្នកគង្វាល ដែលដឹកនាំ ការពារ និងថែទាំចៀមរបស់ខ្លួន(១១:២៨)។ ទោះយើងនៅទីណា ហើយកំពុងតែជួបរឿងអ្វីក៏ដោយ យើងអាចស្គាល់ព្រះទ័យរបស់ព្រះអង្គ ដែលមានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏ហូរហៀរ។ ហើយពេលណាយើងបានទទួលសេចក្តីស្រឡាញ់ និងអាណឹតពីព្រះអង្គហើយ យើងក៏ត្រូវមានចិត្តដែលចង់នាំអ្នកដទៃ ឲ្យស្គាល់ព្រះអង្គផងដែរ។—ALYSON KIEDA