ពេល​លោក​ចេហ្វ(Jeff) ទើប​តែ​ទទួល​ជឿ​ព្រះ​យេស៊ូវ និង​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ គាត់​ក៏​បាន​ធ្វើ​ការ នៅ​ក្រុម​ហ៊ុន​ប្រេងឆៅ​ដ៏​ធំ​មួយ។ ដោយសារ​គាត់​មាន​តួនាទី​ជា​អ្នក​លក់ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ជា​ច្រើន ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​បស់​គាត់ គាត់​បាន​ស្តាប់​រឿង​កំសត់​ៗ​របស់​មនុស្ស​ជា​ច្រើន។ គាត់​ក៏​បាន​ដឹង​ថា អ្វី​ដែល​អតិថិជន​របស់​គាត់​ត្រូវ​ការ​បំផុត គឺ​មិន​មែនប្រេងឆៅ​នោះ​ទេ។ ពួក​គេ​ត្រូវ​ការ​ក្តី​អាណឹត ពួក​គេ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់។ បញ្ហា​នេះ​ក៏​បាន​បណ្តាល​ចិត្ត​លោក​ចេហ្វ ឲ្យ​ទៅ​រៀន​នៅសាលា​ព្រះ​គម្ពីរ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ ហើយ​ទី​បំផុត ក៏​បាន​ក្លាយ​ជា​គ្រូ​គង្វាល។​

ក្តី​អាណឹត​របស់​លោក​ចេហ្វ មាន​ប្រភព​នៅ​ក្នុង​ព្រះ​យេស៊ូវ។ តាម​បទ​គម្ពីរ​ម៉ាថាយ ៩:២៧-៣៣ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បានបង្ហាញ​ព្រះ​ទ័យ​ក្តួល​អាណឹត តាម​រយៈ​ការ​ប្រទាន​នូវ​ការ​ប្រោស​ឲ្យ​ជា ដល់​បុរស​ពីរ​នាក់​ដែល​ខ្វាក់​ភ្នែក និង​បុរស​ម្នាក់​ដែល​ត្រូវ​អារក្ស​ចូល។ កាល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច នៅ​លើ​ផែន​ដី​នេះ ព្រះ​អង្គ​បាន​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ និង​ប្រោស​ជម្ងឺ នៅ​តាម​ភូមិ និង​ទីក្រុង​ជា​ច្រើន​(ខ.៣៥)។ ហេតុ​អ្វី​? ព្រោះ​ពេល​ណា​ព្រះ​អង្គ​បាន​ឃើញ​ហ្វូង​មនុស្ស ព្រះ​អង្គ​មាន​ព្រះទ័យ​អាណឹត​ចំពោះ​ពួក​គេ ដោយ​ពួក​គេ​ត្រូវ​គេ​ធ្វើ​បាប និង​គ្មាន​ក្តី​សង្ឃឹម ដូច​ជា​សត្វ​ចៀម​ដែល​គ្មាន​អ្នក​គង្វាល(ខ.៣៦)។

ពិភព​លោក​សព្វ​ថ្ងៃ នៅ​តែ​មាន​ពេញ​ទៅ​ដោយ​បញ្ហា និង​មនុស្ស​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​អាណឹត ពី​ព្រះ​អង្គ​សង្រ្គោះ។ ព្រះ​យេស៊ូវ​បង្ហាញ​ព្រះ​ទ័យ​អាណឹត​ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​មក​រក​ព្រះ​អង្គ គឺ​ដូច​ជា​អ្នកគង្វាល ដែល​ដឹក​នាំ ការ​ពារ និង​ថែទាំ​ចៀម​របស់​ខ្លួន​(១១:២៨)។ ទោះ​យើង​នៅ​ទីណា ហើយ​កំពុង​តែ​ជួប​រឿង​អ្វី​ក៏​ដោយ យើង​អាច​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ដែល​មាន​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់ដ៏​ហូរ​ហៀរ។ ហើយ​ពេល​ណា​យើង​បាន​ទទួល​សេចក្តី​ស្រឡាញ់ និង​អាណឹត​ពី​ព្រះ​អង្គ​ហើយ យើង​ក៏​ត្រូវ​មាន​ចិត្ត​ដែល​ចង់​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អង្គ​ផង​ដែរ។​—ALYSON KIEDA