លោកម៉ាលខម ក្លាដវែល(Malcolm Gladwell) គឺជាអ្នកនិពន្ធ ដែលបានលើកឡើងថា មនុស្សម្នាក់ៗត្រូវចំណាយពេលអនុវត្តឲ្យបាន១ម៉ឺនម៉ោង ដើម្បីចេះជំនាញណាមួយឲ្យប្រាកដ។ សូម្បីតែវិចិត្រករ និងតន្រ្តីករដែលល្បីបំផុតក្នុងប្រវត្តិសាស្រ្តក៏អញ្ចឹងដែរ ព្រោះបើគ្រាន់តែពឹងផ្អែកលើអំណោយទានដ៏អស្ចារ្យដែលពួកគេមានពីកំណើត នោះគឺមិនទាន់គ្រប់គ្រាន់ឡើយ។ ពួកគេត្រូវយកជំនាញរបស់ខ្លួនមកអនុវត្តឲ្យបានច្រើនម៉ោង ជារៀងរាល់ថ្ងៃ។
រឿងនេះហាក់ដូចជាចម្លែក ប៉ុន្តែ នៅក្នុងជីវិតខាងវិញ្ញាណ យើងក៏ចាំបាច់ត្រូវមានផ្នត់គំនិតស្រដៀងនេះដែរ គឺនៅពេលដែលយើងត្រូវរៀនរស់នៅ ក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងកណ្ឌគម្ពីរកាឡាទី សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ ឲ្យញែកខ្លួនថ្វាយព្រះ។ ប៉ុន្តែ គាត់បានពន្យល់ថា ការនេះមិនអាចធ្វើទៅបាន ដោយគ្រាន់តែអនុវត្តគោលការណ៍តែម្យ៉ាងនោះឡើយ។ ផ្ទុយទៅវិញ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក តាមន័យត្រង់ ពាក្យ “ដើរ” ដែលសាវ័កប៉ុលបានប្រើ ក្នុងបទគម្ពីរកាឡាទី ៥:១៦ គឺមានន័យថា ដើរជុំវិញអ្វីមួយម្តងហើយម្តងទៀត ឬ ធ្វើដំណើរ(peripateo)។ ដូចនេះសាវ័កប៉ុលចង់ប្រាប់យើងថា ការដើរជាមួយព្រះវិញ្ញាណ គឺជាការធ្វើដំណើរជាមួយព្រះវិញ្ញាណជារៀងរាល់ថ្ងៃ គឺមិនមែនជាអ្វីដែលយើងធ្វើតែម្តងជាសម្រេចនោះឡើយ។
ចូរយើងអធិស្ឋាន សូមឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ដោយចុះចូលនឹងកិច្ចការដែលព្រះអង្គធ្វើនៅក្នុងយើង ដោយផ្តល់ប្រឹក្សា នាំផ្លូវ កម្សាន្តចិត្ត និងរង់ចាំជួយយើងជានិច្ច។ ហើយខណៈពេលដែលព្រះវិញ្ញាណដឹកនាំជីវិតយើង តាមរបៀបនេះ(ខ.១៨) យើងនឹងកាន់តែមានភាពងាយស្រួលនៅក្នុងការស្តាប់ព្រះសូរសៀងព្រះអង្គ និងដើរតាមការដឹកនាំរបស់ព្រះអង្គ។ ឱព្រះអម្ចាស់ សូមឲ្យទូលបង្គំដើរជាមួយព្រះវិញ្ញាណព្រះអង្គនៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃ។ —PETER CHIN