ខ្ញុំ​មាន​ឆ្កែ​មួយ ដែល​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ។ ជួន​កាល ពេល​ណា​វា​ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​ខ្ញុំ វា​យក​របស់​អ្វី​មួយ ដែលជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ មក​ពាំ​ដើរ​ពី​មុខ​ខ្ញុំ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​តែ​សរសេរ នៅ​លើ​តុ នៅ​ពេល​ព្រឹក វា​ក៏​បាន​កញ្ឆក់​កាបូប​លុយ​ខ្ញុំ ហើយ​រត់​ទៅ​បាត់។ ប៉ុន្តែ ពេល​ដែល​វា​ដឹង​ថា ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​សកម្ម​ភាព​របស់​វា វា​ក៏​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ ដោយ​យក​ច្រមុះ​វា​ញុល​នឹង​ជើង​ខ្ញុំ ដោយ​មាន​កាបូប​លុយ​នៅ​ក្នុង​មាត់​នៅ​ឡើយ ភ្នែក​ក្រឡាប់​ចក្រ និង​កន្ទុយ​បក់​រវិច ដើម្បី​ជំរុញខ្ញុំ ឲ្យ​លេង​ជា​មួយ​វា។

ពេល​ខ្ញុំ​ឃើញ​វា​ប្រើ​ល្បិច​ដូច​នេះ ខ្ញុំ​ក៏​បាន​អស់​សំណើច ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទាក់​ទាញ​ការចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ផង​ដែរ។ ហេតុ​នេះ​ហើយ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ប៉ុន្តែ អារម្មណ៍​របស់​ខ្ញុំ​បាន​នៅ​ជាប់​ជា​មួយ​អ្វី​ផ្សេង ហើយ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ ដោយ​ខ្ញុំ​មិន​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។

យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​មាន​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ ដោយ​ព្រះ​អង្គ​អាច​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ តាម​របៀប​ដែល​ជិត​ស្និទ្ធ​បំផុត ដោយ​រាប់​បញ្ចូល​ទាំង​ការ​ប្រទាន​ខ្យល់​ដង្ហើម​ឲ្យ​យើង​រស់​នៅ ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ ព្រះ​អង្គ​បាន​សន្យា​ចំពោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ថា ​“គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង”(អេសាយ ៤៦:៤)។

ព្រះ​ជា​ម្ចាស់​តែង​តែ​មាន​ពេល​វេលា សម្រាប់​យើង​ជា​និច្ច។ ព្រះ​អង្គ​ជ្រាប​ច្បាស់​ អំពី​កាលៈ​ទេសៈ​របស់​យើង ទោះ​វា​មាន​ភាព​ស្មុគ្រ​ស្មាញ ឬ​ពិបាក​យ៉ាង​ណា​ក្តី ហើយ​ព្រះ​អង្គ​តែង​តែ​ត្រៀម​ខ្លួន​ជួយ​យើង​ជានិច្ច ពេល​ណា​យើង​ស្រែក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន​។  យើង​មិន​ចាំ​បាច់​ត្រូវ​ឈរ​តម្រង់​ជួរ ដើម្បី​រង់​ចាំ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ​ម្តង​ម្នាក់​ៗ​នោះ​ឡើយ គឺសេចក្តីស្រឡាញ់​ដែល​គ្មាន​ព្រំដែន។ —JAMES BANKS