ខ្ញុំមានឆ្កែមួយ ដែលជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌ័រ។ ជួនកាល ពេលណាវាចង់បានការចាប់អារម្មណ៍ពីខ្ញុំ វាយករបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្ញុំ មកពាំដើរពីមុខខ្ញុំ។ ថ្ងៃមួយ ពេលខ្ញុំកំពុងតែសរសេរ នៅលើតុ នៅពេលព្រឹក វាក៏បានកញ្ឆក់កាបូបលុយខ្ញុំ ហើយរត់ទៅបាត់។ ប៉ុន្តែ ពេលដែលវាដឹងថា ខ្ញុំមិនបានចាប់អារម្មណ៍ចំពោះសកម្មភាពរបស់វា វាក៏បានត្រឡប់មករកខ្ញុំវិញ ដោយយកច្រមុះវាញុលនឹងជើងខ្ញុំ ដោយមានកាបូបលុយនៅក្នុងមាត់នៅឡើយ ភ្នែកក្រឡាប់ចក្រ និងកន្ទុយបក់រវិច ដើម្បីជំរុញខ្ញុំ ឲ្យលេងជាមួយវា។
ពេលខ្ញុំឃើញវាប្រើល្បិចដូចនេះ ខ្ញុំក៏បានអស់សំណើច ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំក៏មានការពិបាកនៅក្នុងការទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃផងដែរ។ ហេតុនេះហើយ ជាញឹកញាប់ ខ្ញុំបានចំណាយពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ប៉ុន្តែ អារម្មណ៍របស់ខ្ញុំបាននៅជាប់ជាមួយអ្វីផ្សេង ហើយថ្ងៃក៏បានកន្លងផុតទៅ ដោយខ្ញុំមិនបានបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគេ។
យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌មានសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដោយព្រះអង្គអាចយកព្រះទ័យទុកដាក់ចំពោះយើងម្នាក់ៗ តាមរបៀបដែលជិតស្និទ្ធបំផុត ដោយរាប់បញ្ចូលទាំងការប្រទានខ្យល់ដង្ហើមឲ្យយើងរស់នៅ ជារៀងរាល់ថ្ងៃផងដែរ។ ព្រះអង្គបានសន្យាចំពោះរាស្រ្តរបស់ព្រះអង្គថា “គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង”(អេសាយ ៤៦:៤)។
ព្រះជាម្ចាស់តែងតែមានពេលវេលា សម្រាប់យើងជានិច្ច។ ព្រះអង្គជ្រាបច្បាស់ អំពីកាលៈទេសៈរបស់យើង ទោះវាមានភាពស្មុគ្រស្មាញ ឬពិបាកយ៉ាងណាក្តី ហើយព្រះអង្គតែងតែត្រៀមខ្លួនជួយយើងជានិច្ច ពេលណាយើងស្រែករកព្រះអង្គ ដោយការអធិស្ឋាន។ យើងមិនចាំបាច់ត្រូវឈរតម្រង់ជួរ ដើម្បីរង់ចាំសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះម្តងម្នាក់ៗនោះឡើយ គឺសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន។ —JAMES BANKS