មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​យេស៊ូវ ខ្ញុំ​បាន​ឮ​គេ​ផ្សាយ​ដំណឹង​ល្អ ប៉ុន្តែ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​អត្ត​សញ្ញាណ​របស់​ព្រះអង្គ។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​អង្គ​អាច​ប្រទាន​ការ​អត់​ទោស​បាប ឲ្យ​ខ្ញុំ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ថា មាន​តែ​ព្រះ​ទេ​ដែលអាច​អត់​ទោស​បាប​ឲ្យ​មនុស្ស​បាន? ប៉ុន្តែ ពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​ដែល​លោក ចេ អាយ ភែកឃ័រ(J. I. Packer)​បាននិព្ធ មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ  ខ្ញុំ​ក៏​បាន​ដឹង​ថា មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​មាន​បញ្ហា​នេះ។ លោក​ភែកឃ័រ​បាន​លើក​ឡើងថា អ្នក​មិន​ជឿ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ការ​អះ​អាង​របស់​គ្រីស្ទ​បរិស័ទ​ ដែល​បាន​ថា ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត គឺជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស … ដែល​ពេញ​លក្ខណៈ​ជា​ព្រះ និង​ពេញ​លក្ខណៈ​ជា​មនុស្ស”។ នេះ​ជា​សេចក្តី​ពិត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យក​មក​ពិចារណា ហើយ​សម្រេច​ចិត្ត​ទទួល​សេចក្តី​សង្រ្គោះ​ពី​ព្រះ​អង្គ។

ពេល​ដែល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ព្រះ​គ្រីស្ទ​គឺ​ជា “រូប​អង្គ​របស់​ព្រះ ដែល​មនុស្ស​មើល​មិន​ឃើញ” គឺ​គាត់​ចង់​មាន​ន័យ​ថា ព្រះយេស៊ូវ​ជា​ព្រះ​ទាំង​ស្រុង និង​ឥត​ខ្ចោះ ជា​ព្រះ​អាទិករ និង​ព្រះ​ដែល​ទ្រទ្រង់​ជីវិត​ទាំង​អស់ នៅ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី តែ​ព្រះ​អង្គ​ក៏​ជា​មនុស្ស​ពេញ​លក្ខណៈ​ផង​ដែរ(កូល៉ុស ១:១៥-១៧)។ ដោយសារ​សេចក្តី​ពិត​នេះ​ហើយ បាន​ជា​យើង​អាច​ជឿ​ជាក់ថា តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ទទួល​យក​ទោស​នៃ​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​និស្ស័យ​សាច់​ឈាម​របស់​យើង​ផង​ដែរ ដើម្បី​ផ្សះ​ផ្សា​យើង និង​អ្វី​ៗ​ទំាង​អស់ ឲ្យ​ជា​នឹង​ព្រះ​អង្គ​វិញ​(ខ.២០-២២)។

ព្រះ​វរបិតា​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង និង​តាម​រយៈ​ព្រះ​គម្ពីរ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​តាម​រយៈ​ព្រះ​ជន្ម នៃ​ព្រះ​រាជ​បុត្រា ដែល​នេះ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​ជាតិ។ អស់​អ្នក​ដែល​ជឿ​ព្រះយេស៊ូវ ក៏​បាន​ទទួល​សេចក្តី​សង្រ្គោះ ព្រោះ​ព្រះ​អង្គ​ជា​អេម៉ាញូអែល ដែល​មាន​ន័យ​ថា ព្រះ​អង្គ​គង់​ជា​មួយ​យើង។ ហាលេលូយ៉ា! —XOCHITL DIXON