មុនពេលខ្ញុំទទួលជឿព្រះយេស៊ូវ ខ្ញុំបានឮគេផ្សាយដំណឹងល្អ ប៉ុន្តែ ខ្ញុំមានការពិបាក នៅក្នុងការទទួលស្គាល់អត្តសញ្ញាណរបស់ព្រះអង្គ។ តើធ្វើដូចម្តេចឲ្យព្រះអង្គអាចប្រទានការអត់ទោសបាប ឲ្យខ្ញុំ នៅពេលដែលព្រះគម្ពីរបានចែងថា មានតែព្រះទេដែលអាចអត់ទោសបាបឲ្យមនុស្សបាន? ប៉ុន្តែ ពេលដែលខ្ញុំបានអានសៀវភៅដែលលោក ចេ អាយ ភែកឃ័រ(J. I. Packer)បាននិព្ធ មានចំណងជើងថា ការស្គាល់ព្រះ ខ្ញុំក៏បានដឹងថា មិនមែនមានតែខ្ញុំទេ ដែលមានបញ្ហានេះ។ លោកភែកឃ័របានលើកឡើងថា អ្នកមិនជឿជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការអះអាងរបស់គ្រីស្ទបរិស័ទ ដែលបានថា ព្រះយេស៊ូវមកពីស្រុកណាសារ៉ែត គឺជាព្រះដែលបានយកកំណើតជាមនុស្ស … ដែលពេញលក្ខណៈជាព្រះ និងពេញលក្ខណៈជាមនុស្ស”។ នេះជាសេចក្តីពិត ដែលធ្វើឲ្យខ្ញុំបានយកមកពិចារណា ហើយសម្រេចចិត្តទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។
ពេលដែលសាវ័កប៉ុលមានប្រសាសន៍ថា ព្រះគ្រីស្ទគឺជា “រូបអង្គរបស់ព្រះ ដែលមនុស្សមើលមិនឃើញ” គឺគាត់ចង់មានន័យថា ព្រះយេស៊ូវជាព្រះទាំងស្រុង និងឥតខ្ចោះ ជាព្រះអាទិករ និងព្រះដែលទ្រទ្រង់ជីវិតទាំងអស់ នៅស្ថានសួគ៌ និងនៅលើផែនដី តែព្រះអង្គក៏ជាមនុស្សពេញលក្ខណៈផងដែរ(កូល៉ុស ១:១៥-១៧)។ ដោយសារសេចក្តីពិតនេះហើយ បានជាយើងអាចជឿជាក់ថា តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រីស្ទ នោះព្រះអង្គមិនគ្រាន់តែបានទទួលយកទោសនៃអំពើបាបរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានរំដោះយើងឲ្យរួចពីនិស្ស័យសាច់ឈាមរបស់យើងផងដែរ ដើម្បីផ្សះផ្សាយើង និងអ្វីៗទំាងអស់ ឲ្យជានឹងព្រះអង្គវិញ(ខ.២០-២២)។
ព្រះវរបិតាបានបង្ហាញព្រះអង្គទ្រង់ នៅក្នុង និងតាមរយៈព្រះគម្ពីរ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈព្រះជន្ម នៃព្រះរាជបុត្រា ដែលនេះជាការបង្ហាញសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះមនុស្សជាតិ។ អស់អ្នកដែលជឿព្រះយេស៊ូវ ក៏បានទទួលសេចក្តីសង្រ្គោះ ព្រោះព្រះអង្គជាអេម៉ាញូអែល ដែលមានន័យថា ព្រះអង្គគង់ជាមួយយើង។ ហាលេលូយ៉ា! —XOCHITL DIXON