កាលខ្ញុំនៅក្មេង ខ្ញុំបានស្តាប់បទចម្រៀងមួយបទមានចំណងជើងថា “ព្រះអង្គទតរំលងកំហុសខ្ញុំ ហើយទតឃើញតម្រូវការរបស់ខ្ញុំ” ដែលនិពន្ធដោយអ្នកស្រីដូធី រេមបូ(Dottie Rambo) ក្នុងឆ្នាំ១៩៦៧។ តែខ្ញុំច្រឡំស្មានតែបទចម្រៀងនោះ មានចំណងជើងថា “ព្រះអង្គទតរំលងកំហុសរបស់ខ្ញុំ ហើយទតឃើញជង្គង់របស់ខ្ញុំ”។ ដោយសារខ្ញុំនៅក្មេង នោះខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាព្រះទតមើលជង្គង់របស់ខ្ញុំទៅវិញ។ តើដោយសារជង្គង់ខ្ញុំខ្សោយឬ? តែខ្ញុំដឹងថា ក្នុងភាសាអង់គ្លេស ជង្គង់ដែលខ្សោយ គឺមានន័យថា “ភ័យខ្លាច”។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតអ្នកស្រីដូធី បាននិពន្ធបទចម្រៀងនេះ ដើម្បីរៀបរាប់អំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌរបស់ព្រះជាម្ចាស់ គឺដើម្បីឆ្លើយតបចំពោះបងប្រុសរបស់គាត់ ដែលបានជឿថា គ្មាននរណាម្នាក់ស្រឡាញ់គាត់ទេ ព្រោះគាត់បានប្រព្រឹត្តខុស។ អ្នកស្រីដូធីក៏បានប្រើបទចម្រៀងនេះ ដើម្បីធានាគាត់ថា ព្រះអង្គបានជ្រាបអំពីភាពកម្សោយរបស់គាត់ ហើយនៅតែស្រឡាញ់គាត់ជានិច្ច។
ព្រះជាម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌរបស់ព្រះអង្គ នៅក្នុងពេលដែលប្រជាជនអ៊ីស្រាអែល និងយូដាកំពុងជួបការភ័យខ្លាចជាច្រើនលើកច្រើនសារ។ ព្រះអង្គបានចាត់ហោរា ដូចជាលោកអេសាយជាដើម ឲ្យនាំយកព្រះរាជសារព្រះអង្គទៅប្រកាស់ ដល់រាស្រ្តដែលបានវង្វេងចេញពីព្រះអង្គ។ ក្នុងបទគម្ពីរអេសាយ ជំពូក៣៥ លោកហោរារូបនេះប្រាប់ពួកគេឲ្យមានសង្ឃឹមឡើង ព្រោះព្រះជាម្ចាស់នឹងស្តារពួកគេឡើងវិញមិនខាន។ ការលើកទឹកចិត្តដែលនាំឲ្យមានក្តីសង្ឃឹមនោះ នឹង “ចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង”(ខ.៣)។ តាមរយៈការលើកទឹកចិត្តដែលពួកគេបានទទួល រាស្រ្តរបស់ព្រះនឹងអាចលើកទឹកចិត្តអ្នកដទៃផងដែរ។ ហេតុនេះហើយបានជា នៅក្នុងខ.៤ លោកអេសាយបានបង្គាប់ពួកគេថា “ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ”។
តើអ្នកកំពុងតែមានជង្គង់ដែលខ្សោយឬទេ? ចូរទូលថ្វាយព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ចុះ។ ព្រះអង្គចម្រើនកម្លាំងដល់ជង្គង់ដែលខ្សោយ តាមរយៈសេចក្តីពិត ក្នុងព្រះគម្ពីរ និងដោយអំណាចនៃព្រះវត្តមានព្រះអង្គ។ បន្ទាប់មក អ្នកនឹងអាចលើកទឹកចិត្តអ្នកដទៃផងដែរ។—LINDA WASHINGTON