បន្ទាប់ពីមានភាពរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ ភ្លើងឆេះព្រៃបានកើតឡើង នៅរដ្ឋកាលីហ្វូញ៉ាខាងត្បូង ហើយបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគិតថា ព្រះបានបណ្តាលឲ្យគ្រោះមហន្តរាយនេះកើតឡើង។ ទស្សនៈដ៏រំខាននេះ កាន់តែមានភាពធ្ងន់ធ្ងរ ពេលដែលប្រភពពត៌មានខ្លះ បានចាប់ផ្តើមហៅភ្លើងឆេះព្រៃថា ភ្លើងបរិសុទ្ធ។ អ្នកដែលមិនសូវស្គាល់តំបន់នោះ មិនបានដឹងទេថា តាមពិតគេបានប្រើពាក្យនេះ សំដៅទៅលើតំបន់មួយ ដែលមានឈ្មោះថា ជ្រលងភ្នំជីមដ៏បរិសុទ្ធ។ ប៉ុន្តែ ជីមដ៏បរិសុទ្ធ ជាឈ្មោះរបស់នរណា? យោងតាមប្រវត្តិសាស្រ្តប្រចាំតំបន់នេះ បានឲ្យដឹងថា គាត់គឺជាអ្នកចិញ្ចឹមឃ្មុំនៅសតវត្សរ៍ទី១៩។ គាត់មានការទាស់ប្រឆាំងនឹងជំនឿសាសនាខ្លាំងណាស់ ហើយក៏ចូលចិត្តរអ៊ូរទាំច្រើនផង បានជាអ្នកជិតខាងគាត់បានដាក់រហ័សនាមឲ្យគាត់ថា “ជីមដ៏បរិសុទ្ធ” ក្នុងន័យចម្អកឲ្យគាត់។
ក្នុងព្រះគម្ពីរលូកា ជំពូក៣ យើងឃើញថា លោកយ៉ូហាន បាទីស្ទបានលើកឡើង អំពីពីធីបុណ្យជ្រមុជដោយ “ព្រះវិញ្ញាណបរិសុទ្ធ និងភ្លើង”។ ត្រង់ចំណុចនេះ គាត់ក៏មានមូលហេតុរបស់គាត់ផងដែរ(លូកា ៣:១៦)។ គាត់ប្រហែលជានឹកចាំ អំពីបទទំនាយរបស់ហោរាម៉ាឡាគី ដែលបានចែង អំពីព្រះមែស៊ី និងភ្លើងឆេះបន្សុទ្ធ(៣:១-៣ ៤:១)។ ប៉ុន្តែ ទាល់តែព្រះវិញ្ញាណនៃព្រះបានយាងចុះមក ដូចជាខ្យល់ និងភ្លើង មកលើអ្នកដើរតាមព្រះយេស៊ូវហើយ ទើបបទទំនាយរបស់លោកម៉ាឡាគី និងលោកយ៉ូហានបានសម្រេច(កិច្ចការ ២:១-៤)។
ភ្លើងនៅក្នុងបទទំនាយ របស់លោកយ៉ូហាន មិនមែនជាអ្វីដែលគេបានរំពឹងគិតនោះទេ។ ភ្លើងនោះចេញមកពីព្រះជាម្ចាស់ ហើយនាំឲ្យគេមានចិត្តក្លាហាន នៅក្នុងការប្រកាស់ អំពីព្រះមែស៊ី និងភ្លើងដ៏បរិសុទ្ធ។ ភ្លើងនៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ជួយបំភ្លឺឲ្យមនុស្សដឹងថា ការដែលពួកគេប្រឹងប្រែងជួយខ្លួនឯងនោះ គឺគ្មានប្រយោជន៍ទេ តែភ្លើងរបស់ព្រះអង្គក៏បានបើកផ្លូវឲ្យយើងអាចមានផលផ្លែនៃព្រះវិញ្ញាណ ដែលមានសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត(មើលកាឡាទី ៥:២២-២៣)។ ទាំងនេះគឺសុទ្ធតែជាកិច្ចការ ដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើក្នុងជីវិតយើង។—MART DEHAAN