បន្ទាប់​ពី​មាន​ភាព​រាំង​ស្ងួត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ភ្លើង​ឆេះ​ព្រៃ​បាន​កើត​ឡើង​ នៅ​រដ្ឋ​កាលីហ្វូញ៉ា​ខាង​ត្បូង ហើយបាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​គិត​ថា ព្រះ​បាន​បណ្តាល​ឲ្យ​គ្រោះ​មហន្ត​រាយ​នេះ​កើត​ឡើង។ ទស្សនៈ​ដ៏​រំខាន​នេះ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ពេល​ដែល​ប្រភព​ពត៌​មាន​ខ្លះ បាន​ចាប់​ផ្តើម​ហៅ​ភ្លើង​ឆេះ​ព្រៃ​ថា ភ្លើង​បរិសុទ្ធ។ អ្នក​ដែល​មិន​សូវ​ស្គាល់​តំបន់​នោះ មិន​បាន​ដឹង​ទេ​ថា តាម​ពិត​គេ​បាន​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ​តំបន់​មួយ ដែល​មាន​ឈ្មោះ​ថា ជ្រលង​ភ្នំ​ជីម​ដ៏​បរិសុទ្ធ។  ប៉ុន្តែ ជីម​ដ៏​បរិសុទ្ធ ជា​ឈ្មោះ​របស់​នរណា? យោង​តាម​ប្រវត្តិ​សាស្រ្ត​ប្រចាំ​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា គាត់​គឺ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំនៅ​សតវត្សរ៍​ទី​១៩។ គាត់​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​សាសនា​ខ្លាំង​ណាស់ ហើយ​ក៏​ចូល​ចិត្តរអ៊ូរទាំ​ច្រើន​ផង បាន​ជា​អ្នក​ជិត​ខាង​គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ជីម​ដ៏​បរិសុទ្ធ” ក្នុង​ន័យ​ចម្អក​ឲ្យ​គាត់។

ក្នុង​ព្រះ​គម្ពីរ​លូកា ជំពូក​៣ យើង​ឃើញ​ថា លោក​យ៉ូហាន បាទីស្ទ​បាន​លើក​ឡើង អំពី​ពីធី​បុណ្យ​ជ្រមុជ​ដោយ “ព្រះវិញ្ញាណ​បរិសុទ្ធ និង​ភ្លើង”។ ត្រង់​ចំណុច​នេះ គាត់​ក៏​មាន​មូល​ហេតុ​របស់​គាត់​ផង​ដែរ(លូកា ៣:១៦)។ គាត់​ប្រហែលជា​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​ម៉ាឡាគី ដែល​បាន​ចែង អំពី​ព្រះ​មែស៊ី និង​ភ្លើង​ឆេះ​បន្សុទ្ធ(៣:១-៣ ៤:១)។ ប៉ុន្តែ ទាល់​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក ដូច​ជា​ខ្យល់ និង​ភ្លើង មក​លើ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ហើយ ទើប​បទទំនាយ​របស់​លោក​ម៉ាឡាគី និង​លោក​យ៉ូហាន​បាន​សម្រេច​(កិច្ចការ ២:១-៤)។

ភ្លើង​នៅ​ក្នុង​បទ​ទំនាយ របស់​លោក​យ៉ូហាន មិន​មែន​ជា​អ្វី​ដែល​គេ​បាន​រំពឹង​គិត​នោះ​ទេ។  ភ្លើង​នោះ​ចេញ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​នាំ​ឲ្យ​គេ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ប្រកាស់ អំពី​ព្រះ​មែស៊ី និង​ភ្លើង​ដ៏​បរិសុទ្ធ។ ភ្លើង​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូវ ជួយ​បំភ្លឺ​ឲ្យ​មនុស្ស​ដឹង​ថា ការ​ដែល​ពួក​គេ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​នោះ​ គឺ​គ្មាន​ប្រយោជន៍​ទេ តែ​ភ្លើង​របស់​ព្រះ​អង្គ​ក៏​បាន​បើក​ផ្លូវ​ឲ្យ​យើង​អាច​មាន​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត(មើល​កាឡាទី ៥:២២-២៣)។ ទាំង​នេះ​គឺ​សុទ្ធ​តែ​ជា​កិច្ច​ការ ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ក្នុង​ជីវិត​យើង។—MART DEHAAN