មានពេលមួយ ខ្ញុំបានទៅមើលតំបន់ក្រីក្រ នៅទីក្រុងសាន់តូ ដូមីហ្គោ ក្នុងសាធារណៈរដ្ឋដូមីនីខិន។ ខ្ញុំបានឃើញផ្ទះដែលគេបានសង់ពីសន្លឹកស័ង្កសី ដោយមានខ្សែភ្លើងរណេងរណោងនៅពីលើ។ នៅទីនោះ ខ្ញុំមានឯកសិទ្ធិនៅក្នុងការសម្ភាសក្រុមគ្រួសារទាំងឡាយ ហើយក៏បានឮពួកគេប្រាប់ខ្ញុំថា មានព្រះវិហារគ្រីស្ទបរិស័ទជាច្រើនកំពុងតែជួយប្រយុទ្ធប្រឆាំងនឹងភាពអត់ការងារធ្វើ ការប្រើប្រាស់ថ្នាំញៀន និងអំពើឧក្រិដ្ឋ។
នៅតាមផ្លូវដ៏តូចចង្អៀតមួយ ខ្ញុំក៏បានឡើងតាមជណ្តើរដែលទ្រេតទ្រោត ចូលទៅក្នុងបន្ទប់តូចមួយ ដើម្បីសម្ភាសស្រ្តីម្នាក់ និងកូនប្រុសរបស់គាត់។ ប៉ុន្តែ មួយសន្ទុះក្រោយមក មានមនុស្សម្នាក់បានឡើងមករកយើងទាំងប្រញាប់ប្រញាល់ ហើយប្រាប់យើងឲ្យឆាប់ចាកចេញពីតំបន់នេះ ជាបន្ទាន់។ គេជឿថា មេជើងកាងម្នាក់ដែលចូលចិត្តដើរកាន់កាំបិតផ្គាក់ កំពុងតែប្រមូលជើងកាងមួយក្រុម ដើម្បីចាំវាយឆ្មក់យើង។
យើងក៏បានទៅមើលតំបន់ក្រីក្រមួយទៀត តែនៅទីនោះ យើងមិនមានរឿងអ្វីទេ។ ក្រោយមក ខ្ញុំក៏បានដឹងពីមូលហេតុ។ តាមពិត ពេលដែលខ្ញុំទៅសួរសុខទុក្ខតាមផ្ទះនីមួយៗ អ្នកដឹកនាំក្រុមជើងកាងបានឈរនៅខាងក្រៅ ដើម្បីការពារយើង។ ព្រះវិហារក្នុងតំបន់នោះ បានផ្តល់អាហារ និងការអប់រំដល់កូនស្រីគាត់ ហើយដោយសារគ្រីស្ទបរិស័ទបានជួយទំនុកបម្រុងនាង នោះគាត់ក៏បានឈរការពារយើងផងដែរ។
នៅក្នុងការអធិប្បាយព្រះបន្ទូលរបស់ព្រះយេស៊ូវ នៅលើភ្នំ ព្រះអង្គបានបង្ហាញឲ្យគេស្គាល់ស្តង់ដានៃសេចក្តីស្រឡាញ់ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។ សេចក្តីស្រឡាញ់ប្រភេទនេះ បានឱបក្រសោបយកមនុស្សល្អ ក៏ដូចជាមនុស្សអាក្រក់(ម៉ាថាយ ៥:៤៣-៤៥) ដោយឈោងទៅរកអ្នកដែលនៅក្រៅវង្វង់គ្រួសារ និងមិត្តភាព គឺអ្នកដែលមិនស្រឡាញ់យើង(ខ.៤៦-៤៧)។ នេះជាប្រភេទនៃក្តីស្រឡាញ់របស់ព្រះ(ខ.៤៨) គឺប្រភេទនៃក្តីស្រឡាញ់ដែលនាំមកនូវព្រះពរដល់មនុស្សម្នាក់ៗ។
ខណៈពេលដែលអ្នកជឿព្រះនៅទីក្រុងសាន់តូ ដូមីហ្គោ បានបង្ហាញចេញនូវសេចក្តីស្រឡាញ់នេះ តំបន់ក្រីក្រទំាងនោះ ក៏បានចាប់ផ្តើមមានការផ្លាស់ប្តូរ។ មនុស្សជាច្រើនមានជីវិតផ្លាស់ប្រែ។ នោះជាអ្វីដែលបានកើតឡើង ពេលដែលសេចក្តីស្រឡាញ់របស់ព្រះចូលទៅក្នុងតំបន់ដែលគេរស់នៅ។—SHERIDAN VOYSEY