មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​មើល​តំបន់​ក្រី​ក្រ នៅ​ទី​ក្រុង​សាន់​តូ ដូ​មី​ហ្គោ ក្នុង​សាធារណៈ​រដ្ឋ​ដូមីនីខិន។ ខ្ញុំ​បាន​ឃើញ​ផ្ទះ​ដែល​គេ​បាន​សង់​ពី​សន្លឹក​ស័ង្ក​សី ដោយ​មាន​ខ្សែ​ភ្លើង​រណេង​រណោង​នៅ​ពី​លើ។ នៅ​ទីនោះ ខ្ញុំ​មាន​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​សម្ភាស​ក្រុម​គ្រួសារ​ទាំង​ឡាយ  ហើយ​ក៏​បាន​ឮ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា មាន​ព្រះ​វិហារ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​កំពុង​តែ​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​ការងារ​ធ្វើ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន និង​អំពើ​ឧក្រិដ្ឋ។

នៅ​តាម​ផ្លូវ​ដ៏​តូច​ចង្អៀត​មួយ ខ្ញុំ​ក៏​បាន​ឡើង​តាម​ជណ្តើរ​ដែល​ទ្រេត​ទ្រោត ចូល​ទៅ​ក្នុង​បន្ទប់​តូច​មួយ ដើម្បី​សម្ភាស​ស្រ្តីម្នាក់ និង​កូន​ប្រុស​របស់​គាត់។  ប៉ុន្តែ មួយ​សន្ទុះ​ក្រោយ​មក មាន​មនុស្ស​ម្នាក់​បាន​ឡើង​មក​រក​យើង​ទាំង​ប្រញាប់​ប្រញាល់ ហើយ​ប្រាប់​យើង​ឲ្យ​ឆាប់​ចាក​ចេញ​ពី​តំបន់​នេះ ជា​បន្ទាន់។ គេ​ជឿ​ថា មេ​ជើង​កាង​ម្នាក់​ដែល​ចូល​ចិត្ត​ដើរ​កាន់​កាំបិត​ផ្គាក់ កំពុង​តែ​ប្រមូល​ជើង​កាង​មួយ​ក្រុម ដើម្បី​ចាំ​វាយ​ឆ្មក់​យើង។

យើង​ក៏​បាន​ទៅ​មើល​តំបន់​ក្រីក្រ​មួយ​ទៀត តែ​នៅ​ទីនោះ យើង​មិន​មាន​រឿង​អ្វី​ទេ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ពី​មូល​ហេតុ​។ តាម​ពិត ពេល​ដែល​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​តាម​ផ្ទះ​នីមួយ​ៗ អ្នក​ដឹក​នាំ​ក្រុម​ជើង​កាង​បាន​ឈរ​នៅ​ខាង​ក្រៅ ដើម្បី​ការពារ​យើង។ ព្រះ​វិហារ​ក្នុង​តំបន់​នោះ បាន​ផ្តល់​អាហារ និង​ការ​អប់​រំ​ដល់​កូន​ស្រី​គាត់ ហើយ​ដោយ​សារ​គ្រីស្ទ​បរិស័ទ​បាន​ជួយទំនុក​បម្រុង​នាង នោះ​គាត់​ក៏​បាន​ឈរ​ការពារ​យើង​ផង​ដែរ។

នៅ​ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ស្តង់​ដា​នៃ​សេចក្តី​ស្រឡាញ់ ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ឱប​ក្រសោប​យក​មនុស្ស​ល្អ ក៏​ដូច​ជា​មនុស្ស​អាក្រក់(ម៉ាថាយ ៥:៤៣-៤៥) ដោយ​ឈោង​ទៅ​រក​អ្នក​ដែល​នៅ​ក្រៅ​វង្វង់​គ្រួសារ និង​មិត្ត​ភាព គឺ​អ្នក​ដែល​មិន​ស្រឡាញ់យើង​(ខ.៤៦-៤៧)។ នេះ​ជា​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.៤៨) គឺ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​នាំ​មក​នូវ​ព្រះ​ពរដល់​មនុស្ស​ម្នាក់​ៗ។

ខណៈ​ពេល​ដែល​អ្នក​ជឿ​ព្រះ​នៅ​ទីក្រុង​សាន់តូ ដូមីហ្គោ បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​នេះ តំបន់​ក្រីក្រ​ទំាង​នោះ ក៏​បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ មនុស្ស​ជា​ច្រើន​មាន​ជីវិត​ផ្លាស់​ប្រែ។ នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ ពេល​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចូល​ទៅ​ក្នុង​តំបន់​ដែល​គេ​រស់​នៅ។—SHERIDAN VOYSEY