លោកដាវីឌ ប្រោន(David Brown) ជាកីឡាករជនពិការរបស់អាមេរិក ដែលបានចូលរួមការប្រកួតកីឡាអូឡាំពិក។ គាត់បានក្លាយជាកីឡាកររត់ប្រណាំងពិការភ្នែក ដែលរត់លឿនជាងគេ ហើយក៏បានប្រកាស់ថា គាត់បានទទួលជ័យជម្នះនៅក្នុងការប្រកួត ដោយសារព្រះជាម្ចាស់ ការលើកទឹកចិត្តរបស់ម្តាយគាត់(កុំឲ្យអង្គុយមួយកន្លែង) និងអ្នករត់នាំផ្លូវគាត់ គឺលោកយេរ៉ូម អេវើរី(Jerome Avery) ដែលជាអតីតៈកីឡាកររត់ប្រណាំង។ អ្នកទាំងពីរបានរត់ទន្ទឹមគ្នា ដោយមានខ្សែតូចមួយចងភ្ជាប់ម្រាមដៃរបស់លោកប្រោន ជាមួយនឹងម្រាមដៃរបស់លោកយេរ៉ូម ហើយលោកយេរ៉ូមក៏បាននាំផ្លូវលោកប្រោន រហូតដល់បានទទួលជ័យជម្នះ ដោយប្រើពាក្យសម្តី និងការប៉ះដៃ។
លោកប្រោនបាននិយាយថា កិច្ចការសំខាន់បំផុតដែលគាត់ត្រូវធ្វើ គឺត្រូវស្តាប់សម្លេងរបស់លោកយេរ៉ូម ពុំនោះទេ គាត់មុខជារត់ចេញពីផ្លូវកោង ដែលមានចម្ងាយ២០០ម៉ែត្រនោះ ដោយមិនដឹងខ្លួន។ លោកប្រោនបាននិយាយទៀតថា ជារៀងរាល់ថ្ងៃ អ្នកទាំងពីរបានសាកល្បងយុទ្ធសាស្រ្តរត់ប្រណាំងជាច្រើន ដោយទំនាក់ទំនងគ្នា តាមរយៈការនិយាយ និងការប៉ះគ្នា។
ក្នុងនាមយើងជាអ្នកជឿព្រះ យើងក៏កំពុងតែរត់ប្រណាំងផងដែរ ដោយយើងមានពរណាស់ ដែលមានព្រះជាម្ចាស់ ធ្វើជាអ្នកនាំផ្លូវយើង។ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះជំនួយរបស់យើង ដឹកនាំយើងគ្រប់ជំហាន ពេលដែលយើងអនុញ្ញាតឲ្យព្រះអង្គនាំផ្លូវយើង។ បទគម្ពីរ ១យ៉ូហាន ២:២៦-២៧ បានចែងថា “ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង។ រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្តីកំភូតទេ គឺជាសេចក្តីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក”។
ត្រង់ចំណុចនេះ លោកយ៉ូហានបានដាស់តឿនអ្នកជឿព្រះ នៅសម័យមុន ដែលកំពុងតែជួប “ពួកទទឹងព្រះគ្រីស្ទ” ដែលបានបដិសេធព្រះវរបិតា និងបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះមែស៊ី(ខ.២២)។ សព្វថ្ងៃនេះ យើងក៏ជួបមនុស្សដែលបដិសេធយ៉ាងដូចនេះផងដែរ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ ដែលជាអ្នកនាំផ្លូវយើង កំពុងតែដឹកនាំយើង ឲ្យដើរតាមព្រះយេស៊ូវ។ យើងអាចទុកចិត្តថា ព្រះអង្គនឹងដឹកនាំយើង ដោយពាល់យើងជាមួយសេចក្តីពិត និងជួយយើងឲ្យបន្តរត់តាមផ្លូវត្រូវ។—PATRICIA RAYBON