មាន​ពេល​មួយ ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​របស់​ប្រទេស​សឹង្ហ​បូរី បាន​ផ្ទុះ​ឡើង ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ មាន​ការ​ខ្វែង​គំនិត​គ្នា ដោយ​សា17រ​ពួក​គេ​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​ច្បាប់​នោះ។ អ្នក​ខ្លះ​បាន​ហៅ​អ្នក​ដទៃ​ថា​ “មនុស្ស​គំនិត​ចង្អៀត” ឬ​ចោទ​ប្រកាន់​ពួក​គេ​ថា បាន​បន្ទាប​បន្ថោក​ជំនឿ​ខ្លួន​ឯង។

រឿង​ចម្រូង​ចម្រាស់​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​មុត​ស្រួច នៅ​ក្នុង​ចំណោម​មហា​គ្រួសារ​របស់​ព្រះ ដោយ​នាំ​មក​នូវ​ការ​ឈឺ​ចាប់ និង​បំបាក់​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់ នៅ​ក្នុង​ការ​អនុវត្តន៍​តាម​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ។ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ក៏​មាន​កំហុស​ផង​ដែរ ពេល​ដែល​ខ្ញុំ​រិះ​គន់​អ្នក​ដទៃ ដែល​មាន​ទស្សនៈ​ខុស​ពី​ខ្ញុំ។

ការ​បញ្ចេញ​ទស្សនៈ​ខុស​ៗ​គ្នា អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់ តែ​បំណង​ចិត្ត​របស់​យើង​អាច​ជា​ប្រភព​នៃ​បញ្ហា​នោះ។ តើ​យើង​គ្រាន់​តែ​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​របស់​គេ ឬ​យើង​មាន​ចេទនា​ចង់​ជាន់​ពន្លិច​អ្នក​ដែល​បាន​បញ្ចេញ​ទស្សនៈ​នោះ?

តែ​មាន​ពេល​ខ្លះ យើង​ចាំ​បាច់​ត្រូវ​ប្រាប់​គេ​ឲ្យ​ដឹង​ថា​ អ្វី​ដែល​គេ​និយាយ​នោះ គឺ​ជា​ការ​បង្រៀន​ខុស​ឆ្គង​ទេ។ បើ​សិន​វា​ជា​ការ​បង្រៀន​ខុស​ឆ្គង​មែន ​យើង​ចាំ​បាច់​ត្រូវ​ប្រាប់​គេ អំពី​គោល​ជំហរ​របស់​យើង។ បទ​គម្ពីរ​អេភេសូរ ៤:២-៦ បាន​រំឭក​យើង​ថា យើង​ត្រូវ​កែ​តម្រង់​គ្នា ដោយ​ការ​បន្ទាប​ខ្លួន ចិត្ត​សុភាព ការ​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់។ ហើយ​ដែល​សំខាន់បំផុត​នោះ យើង​ត្រូវ​ខំ​ប្រឹង​ “រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ”(ខ.៣)។

បញ្ហា​ចម្រូង​ចម្រាស់​ខ្លះ​នឹង​នៅ​បន្ត​កើត​មាន។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​បន្ទូល​ព្រះ​បាន​រំឭក​យើង​ថា គោល​ដៅរបស់​យើង​គួរ​តែ​ដើម្បី​ស្អាង​ជំនឿ​អ្នក​ដទៃ គឺ​មិន​ត្រូវ​ជាន់​ពន្លិច​ពួក​គេ​នោះ​ឡើយ(ខ.២៩)។ តើ​យើង​កំពុង​តែ​ព្យាយាមប្រកែក​ឲ្យ​ឈ្នះ​គេ ដើម្បី​បំបាក់​មុខ​គេ​ឬ? ឬ​យើង​កំពុង​តែ​អនុញ្ញាត​ឲ្យ​ព្រះ​ជាម្ចាស់​ជួយ​យើង ឲ្យ​យល់​អំពី​សេចក្តី​ពិត​របស់​ព្រះ​អង្គ ក្នុង​ពេល និង​ផ្លូវ​របស់​ព្រះ​អង្គ ដោយ​នឹក​ចាំ​ថា យើង​មាន​ជំនឿ​តែ​មួយ នៅ​ក្នុង​ព្រះ​អម្ចាស់​តែ​មួយ?(ខ.៤-៦)។—LESLIE KOH