ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ លោករ៉ាដេមែល ហ្វាល់ខៅ(Radamel Falcao) ដែលជាកីឡាករឈានមុខ របស់ប្រទេសកូឡុំប៊ី បានទាត់បាល់បញ្ចូលទីរបស់ក្រុមប៉ូឡូញ នៅនាទីទី៧០ នាំឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ ក្នុងការប្រកួតថ្ងៃនោះ។ ការទាត់បាល់បញ្ចូលទីមួយគ្រាប់នេះ គឺជាគ្រាប់ទី១៣របស់លោកហ្វាល់ខៅ នៅក្នុងការប្រកួតអន្តរជាតិ គឺមានន័យថា គាត់បានទាល់បាល់បញ្ចូលទី បានច្រើនជាងកីឡាករកូឡុំប៊ីដទៃទៀត នៅក្នុងប្រវត្តិនៃការប្រកួតអន្តរជាតិ។
ជាញឹកញាប់ លោកហ្វាល់ខៅច្រើនតែប្រើជោគជ័យរបស់គាត់ នៅក្នុងទីលានប្រកួតបាល់ទាត់ ដើម្បីផ្សព្វផ្សាយជំនឿរបស់គាត់ ដោយជារឿងៗ គាត់បានលើកអាវយឺតរបស់គាត់ឡើង បន្ទាប់ពីបានទាល់បាល់បញ្ចូលទី ដើម្បីបង្ហាញអាវយឺតខាងក្នុង ដែលមានពាក្យសរសេរពីលើថា “Con Jesus nunca estara solo:” ដែលមានន័យថា “ដោយសារព្រះវត្តមានព្រះយេស៊ូវ នោះអ្នកនឹងមិនដែលនៅឯកោឡើយ”។
ត្រង់ចំណុចនេះ ពាក្យដែលគាត់បានសរសេរនៅលើអាវយឺតគាត់ បានរំឭកយើង អំពីព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ ពេលដែលព្រះយេស៊ូវជិតដល់ពេលយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានកម្សាន្តចិត្តពួកសិស្សព្រះអង្គ ដោយធានា ចំពោះពួកគេថាព្រះអង្គនឹងគង់នៅជាមួយពួកគេជានិច្ច តាមរយៈព្រះវត្តមាននៃព្រះវិញ្ញាណព្រះអង្គ(ខ.២០ យ៉ូហាន ១៤:១៦-១៨)។ ព្រះវិញ្ញាណព្រះគ្រីស្ទ នឹងកម្សាន្តចិត្ត ដឹកនាំ ការពារ និងចម្រើនកម្លាំងពួកគេ ពេលដែលពួកគេនាំព្រះរាជសារព្រះយេស៊ូវ ទៅទីក្រុងជិតឆ្ងាយ។ ហើយពេលដែលពួកគេជួបភាពឯកោខ្លាំង នៅកន្លែងដែលពួកគេមិនធ្លាប់រស់នៅ ព្រះបន្ទូលព្រះគ្រីស្ទនឹងរំឭកពួកគេ អំពីព្រះវត្តមានរបស់ព្រះអង្គ។
ទោះយើងនៅទីណា ទោះជិតឬឆ្ងាយពីផ្ទះក្តី ពេលណាយើងដើរតាមព្រះយេស៊ូវ ចូលទៅក្នុងកន្លែងដែលយើងមិនស្គាល់ នោះយើងក៏អាចតោងឲ្យជាប់ព្រះបន្ទូលសន្យានេះផងដែរ។ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថាឯកោ យើងក៏អាចទទួលការកម្សាន្តចិត្ត ដោយដឹងថា ព្រះអង្គកំពុងតែគង់នៅជាមួយយើង ឲ្យតែយើងឈោងទៅរកព្រះអង្គ ដោយការអធិស្ឋាន។—LISA M. SAMRA