ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ២០១៨ លោក​រ៉ាដេមែល ហ្វាល់ខៅ(Radamel Falcao) ដែល​ជា​កីឡាករ​ឈាន​មុខ របស់​ប្រទេស​កូឡុំប៊ី បាន​ទាត់​បាល់​បញ្ចូល​ទី​របស់​ក្រុម​ប៉ូឡូញ នៅ​នាទី​ទី​៧០ នាំ​ឲ្យ​ក្រុម​របស់​ខ្លួន​ទទួល​ជ័យ​ជម្នះ​ ក្នុង​ការ​ប្រកួត​ថ្ងៃ​នោះ។  ការ​ទាត់​បាល់​បញ្ចូល​ទី​មួយ​គ្រាប់​នេះ គឺ​ជា​គ្រាប់​ទី​១៣​របស់​លោក​ហ្វាល់ខៅ នៅ​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ គឺ​មាន​ន័យ​ថា គាត់​បាន​ទាល់​បាល់​បញ្ចូល​ទី បាន​ច្រើន​ជាង​កីឡាករ​កូឡុំប៊ី​ដទៃ​ទៀត នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​ប្រកួត​អន្តរ​ជាតិ។

ជា​ញឹក​ញាប់ លោក​ហ្វាល់​ខៅ​ច្រើន​តែ​ប្រើ​ជោគ​ជ័យ​របស់​គាត់ នៅ​ក្នុង​ទីលាន​ប្រកួត​បាល់​ទាត់ ដើម្បី​ផ្សព្វ​ផ្សាយ​ជំនឿ​របស់​គាត់ ដោយ​ជា​រឿង​ៗ គាត់​បាន​លើក​អាវ​យឺត​របស់​គាត់​ឡើង បន្ទាប់​ពី​បាន​ទាល់​បាល់​បញ្ចូល​ទី ដើម្បី​បង្ហាញ​អាវ​យឺត​ខាង​ក្នុង ដែល​មាន​ពាក្យ​សរសេរ​ពី​លើ​ថា “Con Jesus nunca estara solo:” ដែល​មាន​ន័យ​ថា “ដោយ​សារ​ព្រះវត្ត​មាន​ព្រះ​យេស៊ូវ នោះ​អ្នក​នឹង​មិន​ដែល​នៅ​ឯកោ​ឡើយ”។

ត្រង់​ចំណុច​នេះ ពាក្យ​ដែល​គាត់​បាន​សរសេរ​នៅ​លើ​អាវ​យឺត​គាត់​ បាន​រំឭក​យើង អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​យេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ ពេល​ដែល​ព្រះ​យេស៊ូវ​ជិត​ដល់​ពេល​យាង​ឡើង​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​បាន​កម្សាន្ត​ចិត្ត​ពួក​សិស្ស​ព្រះ​អង្គ ដោយ​ធានា ​ចំពោះ​ពួក​គេ​ថា​ព្រះ​អង្គ​នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច តាម​រយៈ​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​(ខ.២០ យ៉ូហាន ១៤:១៦-១៨)។ ព្រះ​វិញ្ញាណ​ព្រះ​គ្រីស្ទ នឹង​កម្សាន្ត​ចិត្ត ដឹក​នាំ ការពារ និង​ចម្រើន​កម្លាំង​ពួក​គេ ពេល​ដែល​ពួក​គេ​នាំ​ព្រះ​រាជ​សារ​ព្រះ​យេស៊ូវ ទៅ​ទីក្រុង​ជិត​ឆ្ងាយ​។ ហើយ​ពេល​ដែល​ពួក​គេ​ជួប​ភាព​ឯកោ​ខ្លាំង នៅ​កន្លែង​ដែល​ពួក​គេ​មិនធ្លាប់​រស់​នៅ​ ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​នឹង​រំឭក​ពួក​គេ អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​អង្គ។

ទោះ​យើង​នៅ​ទីណា ទោះ​ជិត​ឬ​ឆ្ងាយ​ពី​ផ្ទះ​ក្តី ពេល​ណា​យើង​ដើរ​តាម​ព្រះ​យេស៊ូវ ចូល​ទៅ​ក្នុង​កន្លែង​ដែល​យើង​មិន​ស្គាល់ នោះ​យើង​ក៏​អាច​តោង​ឲ្យ​ជាប់​ព្រះ​បន្ទូល​សន្យា​នេះ​ផង​ដែរ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ឯកោ ​យើង​ក៏​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​កំពុង​តែ​គង់​នៅ​ជា​មួយ​យើង ឲ្យ​តែ​យើង​ឈោង​ទៅ​រក​ព្រះ​អង្គ ​ដោយ​ការ​អធិស្ឋាន។—LISA M. SAMRA