បទ​ចម្រៀង ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​គ្រាន់​តែ​អាច​ស្រមៃ” ដែល​លោក​បាត មីលឡាត(Bart Millard) បាន​និពន្ធ បាន​ក្លាយ​ជា​បទ​ចម្រៀង​គ្រីស្ទាន ដែល​ល្បី​ល្បាញ​បំផុត កាល​ពី​ឆ្នាំ​២០០១។ បទ​ចម្រៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​អស្ចារ្យ ដែល​យើង​នឹង​ជួប ពេល​ដែល​យើង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​គ្រីស្ទ។ ទំនុង​ច្រៀង​ដែល​លោក​មីលឡាដ​បាននិពន្ធ​នេះ បាន​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ នៅ​ឆ្នាំ​បន្ទាប់​ពី​កូន​ស្រី​របស់​ខ្ញុំ អាយុ​១៧ឆ្នាំ ឈ្មោះ​មែលីសា បាន​បាត់​បង់​ជីវិត ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​យើង​ក៏​បាន​នឹក​ស្រមៃ​ថា នាង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​ជា​ម្ចាស់ ដោយ​ក្តី​អំណរ​ដ៏​អស្ចារ្យ។

ប៉ុន្តែ ខ្ញុំ​បាន​ឮ​គេ​ប្រើ​ពាក្យ “ស្រមៃ” តាម​របៀប​ផ្សេង​ពី​នេះ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​មែលីសា​លា​ចាក​លោក។ ឪពុក​របស់​មិត្ត​ភក្តិ​មែលីសា​បាន​ចូល​មក​ជិត​ខ្ញុំ ដោយ​ចិត្ត​ដែល​ខ្វល់ និង​ឈឺ​ចាប់​ចំពោះ​ការ​បាត់​បង់​របស់​យើង​ផង​ដែរ ដោយ​ពួក​គេ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា  ការ​ឈឺ​ចាប់​របស់​ខ្ញុំ គឺ​ពិបាក​ហួស​ពី​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​ស្រមៃ។

ការ​ដែល​ពួក​គេ​បាន​បង្ហាញ​អារម្មណ៍​ដូច​នេះ គឺ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់។ ពួក​គេ​កំពុង​តែ​ចូល​រួម​សោក​ស្តាយ ចំពោះ​ការ​បាត់​បង់​របស់​យើង ដោយ​ចិត្ត​អាណិត​អាសូរ ដែល​ហួស​ពី​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​ស្រមៃ។

ស្តេច​ដាវីឌ​បាន​មាន​បន្ទូល អំពី​ជម្រៅ​នៃ​ការ​បាត់​បង់​ដ៏​ធំ​ធេង ដែល​ប្រៀប​ដូច​ជា​ការ​ដើរ​កាត់ “ជ្រលង​ភ្នំ​ដែល​ងងឹតបំផុត”(ទំនុកដំកើង ២៣:៤)។ ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ពេល​ខ្លះ​យើង​មិន​ដឹង​ថា យើង​នឹង​ឆ្លងកាត់​ពេល​ដ៏​ងងឹត​នោះ ដោយ​របៀប​ណា​ទេ។​ គឺ​វា​ពិបាក​ហួស​ពី​លទ្ធភាព​ដែល​យើង​អាច​ស្រមៃ។

ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​គង់​នៅ​ជា​មួយ​យើង នៅ​ក្នុង​ជ្រលង​ភ្នំ​ងងឹត​បំផុត នោះ​ព្រះ​អង្គ​ក៏​ប្រទាន​ក្តី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ពេល​អនាគត ដោយ​ធានា​យើង​ថា​ យើង​នឹង​បាន​ទៅ​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ នៅចុង​ម្ខាង​ទៀត​នៃ​ជ្រលង​ភ្នំ​នោះ។ សម្រាប់​អ្នក​ជឿ “ការ​ឃ្លាត​ចេញ​ពី​រូប​កាយ” គឺ​មាន​ន័យ​ថា យើង​បាន​ទៅ​នៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​អង្គ​(២កូរិនថូស ៥:៨)។ យើង​អាច​ស្រមៃ​ថា យើង​នឹង​បាន​ជួប​ជុំ​ជា​មួយ​ព្រះ​អង្គ និង​បង​ប្អូន​រួម​ជំនឿ​របស់​យើង នៅ​ពេល​អនាគត ហើយ​ពេល​ដែល​យើង​ទុក​ចិត្ត​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ព្រះ​អង្គ​នឹង​នាំ​យើង​ចេញ​ពី​ជ្រលង​ដ៏​ងងឹត​។  —DAVE BRANON