បទចម្រៀង ដែលមានចំណងជើងថា “ខ្ញុំគ្រាន់តែអាចស្រមៃ” ដែលលោកបាត មីលឡាត(Bart Millard) បាននិពន្ធ បានក្លាយជាបទចម្រៀងគ្រីស្ទាន ដែលល្បីល្បាញបំផុត កាលពីឆ្នាំ២០០១។ បទចម្រៀងនេះបានឆ្លុះបញ្ចាំង អំពីភាពអស្ចារ្យ ដែលយើងនឹងជួប ពេលដែលយើងបាននៅក្នុងព្រះវត្តមានព្រះគ្រីស្ទ។ ទំនុងច្រៀងដែលលោកមីលឡាដបាននិពន្ធនេះ បាននាំមកនូវការកម្សាន្តចិត្ត ដល់ក្រុមគ្រួសាររបស់ខ្ញុំ នៅឆ្នាំបន្ទាប់ពីកូនស្រីរបស់ខ្ញុំ អាយុ១៧ឆ្នាំ ឈ្មោះមែលីសា បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយយើងក៏បាននឹកស្រមៃថា នាងកំពុងតែស្ថិតនៅក្នុងព្រះវត្តមានព្រះជាម្ចាស់ ដោយក្តីអំណរដ៏អស្ចារ្យ។
ប៉ុន្តែ ខ្ញុំបានឮគេប្រើពាក្យ “ស្រមៃ” តាមរបៀបផ្សេងពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីមែលីសាលាចាកលោក។ ឪពុករបស់មិត្តភក្តិមែលីសាបានចូលមកជិតខ្ញុំ ដោយចិត្តដែលខ្វល់ និងឈឺចាប់ចំពោះការបាត់បង់របស់យើងផងដែរ ដោយពួកគេក៏បានប្រាប់ខ្ញុំថា ការឈឺចាប់របស់ខ្ញុំ គឺពិបាកហួសពីលទ្ធភាពដែលពួកគេអាចស្រមៃ។
ការដែលពួកគេបានបង្ហាញអារម្មណ៍ដូចនេះ គឺបានលើកទឹកចិត្តខ្ញុំណាស់។ ពួកគេកំពុងតែចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់យើង ដោយចិត្តអាណិតអាសូរ ដែលហួសពីលទ្ធភាពដែលពួកគេអាចស្រមៃ។
ស្តេចដាវីឌបានមានបន្ទូល អំពីជម្រៅនៃការបាត់បង់ដ៏ធំធេង ដែលប្រៀបដូចជាការដើរកាត់ “ជ្រលងភ្នំដែលងងឹតបំផុត”(ទំនុកដំកើង ២៣:៤)។ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ពេលខ្លះយើងមិនដឹងថា យើងនឹងឆ្លងកាត់ពេលដ៏ងងឹតនោះ ដោយរបៀបណាទេ។ គឺវាពិបាកហួសពីលទ្ធភាពដែលយើងអាចស្រមៃ។
ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើង នៅក្នុងជ្រលងភ្នំងងឹតបំផុត នោះព្រះអង្គក៏ប្រទានក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់ពេលអនាគត ដោយធានាយើងថា យើងនឹងបានទៅនៅក្នុងព្រះវត្តមានព្រះអង្គ នៅចុងម្ខាងទៀតនៃជ្រលងភ្នំនោះ។ សម្រាប់អ្នកជឿ “ការឃ្លាតចេញពីរូបកាយ” គឺមានន័យថា យើងបានទៅនៅក្នុងព្រះវត្តមានព្រះអង្គ(២កូរិនថូស ៥:៨)។ យើងអាចស្រមៃថា យើងនឹងបានជួបជុំជាមួយព្រះអង្គ និងបងប្អូនរួមជំនឿរបស់យើង នៅពេលអនាគត ហើយពេលដែលយើងទុកចិត្តការដឹកនាំរបស់ព្រះអង្គ ព្រះអង្គនឹងនាំយើងចេញពីជ្រលងដ៏ងងឹត។ —DAVE BRANON