លោក ស៊ី អេស លូអ៊ីស(C. S. Lewis) ជាអ្នកនិពន្ធរឿង ពង្សាវតានៃនគរណានា : ស្តេចតោ មេធ្មប់ និងទូខោអាវ ។ ក្នុងរឿងនេះ បណ្តាជនទាំងអស់ នៅនគរណានាមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ពេលដែលអាស្លាន(Aslan) ដែលជាស្តេចតោដ៏មានអំណាច បានបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបានអវត្តមានអស់ពេលជាយូរមក។ ទោះជាយ៉ាងណាក៏ដោយ ក្តីអំណររបស់ពួកគេ ក៏បានប្រែក្លាយជាទុក្ខព្រួយ ពេលដែលអាស្លានចុះចាញ់ តាមការទាមទារបស់មេធ្មប់ស ដែលជាតួចិត្តអាក្រក់។ គេគិតថា អាស្លានបរាជ័យហើយ តែមិនយូរប៉ុន្មានពួកគេក៏បានស្គាល់ឫទ្ធានុភាពរបស់គាត់ ពេលដែលគាត់គ្រហឹមដោយសម្លេងដែលលាន់ឮខ្លាំងស្ទើរបែកក្រដាស់ត្រចៀក ធ្វើឲ្យមេធ្មប់នោះរត់គេច ដោយភាពតក់ស្លត់។ ទោះអ្វីៗហាក់ដូចជាបាត់បង់ទៅហើយក្តី ទីបំផុត អាស្លានបានបង្ហាញឲ្យគេដឹងថា គាត់មានឫទ្ធអំណាចខ្លាំងជាងមេធ្មប់កំណាចនោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើរបស់លោកអេលីសេ ដែលធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ពេលដែលគាត់បានក្រោកឡើង នៅពេលព្រឹកមួយ ឃើញខ្លួនគាត់ និងលោកអេលីសេ ត្រូវពួកសត្រូវឡោមព័ទ្ធ។ គាត់ក៏បានលាន់មាត់ថា “វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច”(២ពង្សាវតាក្សត្រ ៦:១៥)។ លោកហោរាក៏បានឆ្លើយតប ដោយចិត្តស្ងប់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត” (ខ.១៦)។ បន្ទាប់មក លោកអេលីសេក៏បានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ”(ខ.១៧)។ ដូចនេះ ព្រះអម្ចាស់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ”(ខ.១៧)។ ពីដំបូង ភ្នែករបស់អ្នកបម្រើគាត់មើលឃើញតែភាពអស់សង្ឃឹម តែទីបំផុត គេក៏បានដឹងថា ព្រះអម្ចាស់មានអំណាចជាងកងទ័ពដ៏ច្រើនសណ្ឋឹករបស់ពួកសត្រូវ។
កាលៈទេសៈដ៏ពិបាករបស់យើង អាចនាំឲ្យយើងជឿថា អ្វីៗបានបាត់បង់អស់ហើយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យនឹងបើកភ្នែកយើង ហើយបង្ហាញថា ព្រះអង្គធំជាងបញ្ហារបស់យើង។—REMI OYEDELE