កាលពីឆ្នាំ១៩៧៩ លោកបណ្ឌិត គេប្រៀល បាខេយ(Gabriel Barkay) និងក្រុមការងាររបស់គាត់ បានរកឃើញក្រាំងប្រាក់ពីរ ក្នុងទីបញ្ចុះសពមួយ នៅក្រៅទីក្រុងយេរូសាឡិម ដែលជាទីក្រុងដ៏ចំណាស់។ ក្នុងឆ្នាំ២០០៤ បន្ទាប់ពីការស្រាវជ្រាវយ៉ាងម៉ត់ចត់ អស់២៥ឆ្នាំ អ្នកជំនាញបានបញ្ជាក់ថា នៅក្នុងក្រាំងនោះ មានអត្ថបទព្រះគម្ពីរដែលមានចំណាស់បំផុត ដែលគេបានកប់ទុកក្នុងឆ្នាំ៦០០ មុនគ្រីស្ទសករាជ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺក្រាំងទាំងនោះមានកត់ទុកនូវសេចក្តីអធិស្ឋានសូមព្រះពររបស់ពួកសង្ឃ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកគេថ្លែងទៅកាន់រាស្រ្តរបស់ព្រះអង្គថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង”(ជនគណនា ៦:២៤-២៥)។
ត្រង់ចំណុចនេះ ព្រះជាម្ចាស់បានបង្ហាញលោកអើរ៉ុន និងពួកកូនប្រុសរបស់គាត់(តាមរយៈលោកម៉ូសេ) អំពីរបៀបអធិស្ឋានសូមព្រះពរ សម្រាប់រាស្រ្តព្រះអង្គ ក្នុងនាមជាតំណាងរបស់ព្រះអង្គ។ អ្នកដឹកនាំទាំងនេះ ត្រូវទន្ទេញឲ្យចាំពាក្យពេចន៍ទាំងអស់ ដែលព្រះអង្គប្រាប់ឲ្យថ្លែងទៅកាន់ពួកបណ្តាជនតាមបំណងព្រះទ័យព្រះអង្គ។ សូមចាំថា ពាក្យពេចន៍ក្នុងបទគម្ពីរនេះ បានសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ជាអ្នកប្រទានព្រះពរ ព្រោះបទគម្ពីរនេះបានប្រើពាក្យ “ព្រះយេហូវ៉ា” បីដង ហើយប្រើពាក្យ “ឯង”៦ដង គឺបានឆ្លុះបញ្ចាំងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គទទួលសេចក្តីស្រឡាញ់ និងជំនួយមកពីព្រះអង្គ។
ចូរយើងចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិត អំពីបទគម្ពីរនេះ ដែលបានប្រាប់យើងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រទានពរយើង។ បទគម្ពីរនេះក៏បានរំឭកយើង អំពីសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះជាម្ចាស់ និងរំឭកយើងថា ព្រះអង្គសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយយើងខ្លាំងប៉ុណ្ណា។ បើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដាច់ឆ្ងាញពីព្រះអង្គនៅថ្ងៃនេះ នោះចូរតោងឲ្យជាប់សេចក្តីសន្យា ដែលមានចែងក្នុងបទគម្ពីរដ៏បុរាណនេះ។ សូមព្រះអង្គប្រទានពរអ្នក សូមព្រះអម្ចាស់ថែរក្សាអ្នក។—AMY BOUCHER PYE