កាល​ពី​ឆ្នាំ​១៩៧៩ លោក​បណ្ឌិត គេប្រៀល បាខេយ(Gabriel Barkay) និង​ក្រុម​ការងារ​របស់​គាត់ បាន​រក​ឃើញ​ក្រាំង​ប្រាក់​ពីរ ក្នុង​ទី​បញ្ចុះ​សព​មួយ នៅ​ក្រៅ​ទី​ក្រុង​យេរូសាឡិម ដែល​ជា​ទីក្រុង​ដ៏​ចំណាស់។ ក្នុង​ឆ្នាំ​២០០៤ បន្ទាប់​ពីការ​ស្រាវ​ជ្រាវ​យ៉ាង​ម៉ត់​ចត់ អស់​២៥​ឆ្នាំ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ក្រាំង​នោះ មាន​អត្ថ​បទ​ព្រះ​គម្ពីរ​ដែល​មានចំណាស់​បំផុត ដែល​គេ​បាន​កប់​ទុក​ក្នុង​ឆ្នាំ​៦០០ មុន​គ្រីស្ទ​សក​រាជ។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ក្រាំង​ទាំង​នោះ​មាន​កត់​ទុក​នូវ​សេចក្តី​អធិស្ឋាន​សូម​ព្រះ​ពរ​របស់​ពួក​សង្ឃ ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ថ្លែង​ទៅ​កាន់​រាស្រ្ត​របស់​ព្រះ​អង្គ​ថា​ “សូម​ឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង”(ជនគណនា ៦:២៤-២៥)។

ត្រង់​ចំណុច​នេះ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​លោក​អើរ៉ុន និង​ពួក​កូន​ប្រុស​របស់​គាត់(តាម​រយៈ​លោក​ម៉ូសេ) អំពី​របៀបអធិស្ឋាន​សូម​ព្រះ​ពរ សម្រាប់​រាស្រ្ត​ព្រះ​អង្គ​ ក្នុង​នាម​ជា​តំណាង​របស់​ព្រះ​អង្គ។ អ្នក​ដឹក​នាំ​ទាំង​នេះ ត្រូវ​ទន្ទេញ​ឲ្យ​ចាំពាក្យ​ពេចន៍​ទាំង​អស់ ដែល​ព្រះ​អង្គ​ប្រាប់​ឲ្យ​ថ្លែង​ទៅ​កាន់​ពួក​បណ្តាជន​តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ សូម​ចាំ​ថា ពាក្យ​ពេចន៍​ក្នុង​បទ​គម្ពីរ​នេះ បាន​សង្កត់​ធ្ងន់​ថា ព្រះ​ជា​ម្ចាស់​ជា​អ្នក​ប្រទាន​ព្រះ​ពរ ព្រោះ​បទ​គម្ពីរ​នេះ​បាន​ប្រើ​ពាក្យ “ព្រះយេហូវ៉ា” បីដង ហើយ​ប្រើ​ពាក្យ “ឯង”៦ដង គឺ​បាន​ឆ្លុះ​បញ្ចាំង​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ទទួល​សេចក្តី​ស្រឡាញ់ និង​ជំនួយ​មក​ពី​ព្រះអង្គ។

ចូរ​យើង​ចំណាយ​ពេល​បន្តិច ដើម្បី​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ​នេះ ដែល​បាន​ប្រាប់​យើង​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹងប្រទាន​ពរ​យើង។ បទ​គម្ពីរ​នេះ​ក៏​បាន​រំឭក​យើង អំពី​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន​របស់​ព្រះ​ជា​ម្ចាស់ និង​រំឭក​យើងថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​យើង​ខ្លាំង​ប៉ុណ្ណា។ បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​តែ​ដាច់​ឆ្ងាញពី​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ នោះ​ចូរ​តោង​ឲ្យ​ជាប់​សេចក្តី​សន្យា ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ដ៏​បុរាណ​នេះ។ សូម​ព្រះ​អង្គប្រទាន​ពរ​អ្នក សូម​ព្រះ​អម្ចាស់​ថែរក្សា​អ្នក។—AMY BOUCHER PYE