មានពេលមួយខាឡា(Carla) បានទូរស័ព្ទ និងផ្ញើសារទៅប្អូនប្រុសរបស់នាង។ នាងក៏បានទៅឈរនៅមុខក្លោងទ្វារផ្ទះរបស់ប្អូនប្រុសនាង ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច ឲ្យប្អូនប្រុសនាងឆ្លើយតប។ ប្អូនប្រុសរបស់នាងកំពុងតែមានជម្ងឺធ្លាក់ទឹកចិត្ត និងកំពុងជម្នះការញៀនថ្នាំ ដោយលាក់ខ្លួន នៅក្នុងផ្ទះ។ ខាឡាក៏បានព្យាយាមជួយគាត់ ឲ្យឈប់នៅម្នាក់ឯងទៀត ដោយយកអាហារដែលគាត់ចូលចិត្តញាំដាក់ក្នុងថង់ ភ្ជាប់ជាមួយខគម្ពីរលើកទឹកចិត្ត មកចងព្យួរនៅលើខ្លោងទ្វារផ្ទះ។
ប៉ុន្តែ នាងក៏បានរបូតដៃជ្រុះថង់អាហារនោះ ពីលើឈើស្រួចៗដែលនៅជាប់នឹងក្លោងទ្វារផ្ទះនោះ ធ្វើឲ្យវារហែក ហើយរបស់ទាំងប៉ុន្មានដែលនៅក្នុងថង់ក៏បានធ្លាក់ទៅលើដីដែលនៅខាងក្រោម។ នាងចង់ធ្វើការនេះសម្រាប់គាត់ ដោយបំណងល្អ និងក្តីស្រឡាញ់ តែវាបានជ្រុះទៅលើដីអស់។ តើប្អូនប្រុសរបស់នាងដឹងថា នាងបានធ្វើការដ៏ល្អនេះសម្រាប់គាត់ឬទេ? តើនាងអាចសម្រេចបេសកកម្មនៃក្តីសង្ឃឹមនេះទេ? នាងគ្រាន់តែអាចសង្ឃឹម និងអធិស្ឋានឲ្យគាត់ ខណៈពេលដែលនាងកំពុងតែរង់ចាំព្រះជាម្ចាស់ប្រោសគាត់ឲ្យជា។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គលះបង់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដោយឲ្យគេទំលុះព្រះកាយព្រះអង្គជាប់នឹងឈើឆ្កាងរហូតដល់អស់ព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីអំពើបាប ក្នុងលោកិយ ដែលកំពុងតែហត់នឿយ និងព្រួយលំបាក(យ៉ូហាន ៣:១៦)។ ក្នុងបទគម្ពីរអេសាយ ៥៣:៥ ហោរាអេសាយបានថ្លែងទំនាយ អំពីការលះបង់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្តីស្រឡាញ់នេះ។ គឺដូចមានសេចក្តីចែងមកថា ព្រះអង្គ “ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់(ខ.៦)។ ហើយព្រះអង្គបានទទួលអំពើទុច្ចរិតរបស់យើងរាល់គ្នា(ខ.៦)។
ព្រះយេស៊ូវគឺជាអំណោយមកពីព្រះជាម្ចាស់ ដែលទ្រង់អាចប្រទាន ឲ្យយើងមានកម្លាំង និងទស្សនៈថ្មីៗ ក្នុងជីវិតរបស់យើង ជារៀងរាល់ថ្ងៃ។ តើអំណោយនេះមានន័យយ៉ាងណា សម្រាប់អ្នក? —ELISA MORGAN