លោកប៊ីល សាពីរ៉ូ(Bill Shapiro)បានសម្ភាសមនុស្សជាច្រើន ក្រោមប្រធានបទ ក្នុងការអ្វីដែលយើងរក្សាទុក ។ មនុស្សម្នាក់ៗដែលគាត់បានសម្ភាស បាននិយាយ អំពីរបស់ទ្រព្យណាមួយ ដែលមានសារៈសំខាន់ និងនាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំង សម្រាប់ពួកគេ បានជាពួកគេមិនចង់ឃ្លាតចេញពីវា។
ការនេះបានធ្វើឲ្យខ្ញុំជញ្ចឹងគិត អំពីទ្រព្យសម្បត្តិនៅផែនដី ដែលមានតម្លៃបំផុត ចំពោះខ្ញុំ និងនាំឲ្យខ្ញុំមានក្តីអំណរ។ ក្នុងនោះ របស់ទីមួយ គឺជាកាតវិក្កយប័ត្រដ៏សាមញ្ញមួយ ដែលមានអាយុ៤០ឆ្នាំ ដែលម្តាយខ្ញុំបានសរសេរដោយផ្ទាល់ដៃ។ របស់ទីពីរគឺជាពែងតែពណ៌ផ្កាឈូក របស់ជីដូនខ្ញុំ។ អ្នកដទៃប្រហែលជាចាត់ទុកអនុស្សាវរីយល្អៗ ជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលមានដូចជា ពាក្យសរសើរដែលបានលើកទឹកចិត្តពួកគេ ស្នាមញញឹមរបស់ចៅ ឬមេរៀនដ៏ពិសេសដែលពួកគេទទួលបានពីព្រះគម្ពីរជាដើម។
ទោះជាយ៉ាងណាក៏ដោយ របស់អ្វីដែលយើងច្រើនតែបង្គរទុកក្នុងចិត្តយើង គឺជាការអ្វីដែលនាំឲ្យយើងមានទុក្ខព្រួយយ៉ាងខ្លាំង។ របស់ទាំងនោះមានដូចជា ទីមួយ : ការថប់បារម្ភ ដែលបានលាក់ខ្លួន តែអាចចេញមករំខានយើងយ៉ាងងាយស្រួល, ទីពីរ : កំហឹងដែលពួនក្នុងចិត្តយើង ដោយត្រៀមវាយប្រហារគ្រប់ពេល ហើយទីបី : ភាពល្វីងជូរចត់ ដែលបានស៊ីបំផ្លាញស្នូលនៃគំនិតរបស់យើង យ៉ាងស្ងាត់ស្ងៀម។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងភីលីព គាត់បានលើកឡើង អំពី “ការគិត” តាមបែបដែលវិជ្ជមានជាងនេះ។ គាត់បានលើកទឹកចិត្តពួកជំនុំនៅទីនោះ ឲ្យអរសប្បាយជានិច្ច ឲ្យមានភាពសម្លូត និងថ្វាយការអ្វីទាំងអស់ដាច់ដល់ព្រះ ដោយការអធិស្ឋាន(ភីលីព ៤:៤-៩)។
ពេលដែលយើងស្វែងយល់ អំពីព្រះបន្ទូលខាងលើនេះ យើងនឹងបានដឹងថា យើងអាចរុញច្រានគំនិតដ៏ខ្មៅងងឹតចេញ ហើយអនុញ្ញាតឲ្យសន្តិភាព ឬសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ ការពារចិត្ត និងគំនិតយើង ក្នុងព្រះគ្រីស្ទយេស៊ូវ(ខ.៧)។ យើងអាចមានសន្តិភាពក្នុងចិត្ត គឺនៅពេលដែលយើងបំពេញគំនិតយើង ដោយការគិតអំពីសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អជាដើម(ខ.៨)។—CINDY HESS KASPER