លោកប៊ីល សាពីរ៉ូ(Bill Shapiro)បាន​សម្ភាស​មនុស្ស​ជា​ច្រើន ក្រោម​ប្រធាន​បទ ក្នុង​ការ​អ្វី​ដែល​យើង​រក្សា​ទុក  ។ មនុស្ស​ម្នាក់​ៗ​ដែល​គាត់​បាន​សម្ភាស បាន​និយាយ អំពី​របស់​ទ្រព្យ​ណា​មួយ ដែល​មាន​សារៈ​សំខាន់ និង​នាំ​មក​នូវ​ភាពសប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង សម្រាប់​ពួក​គេ បាន​ជា​ពួក​គេ​មិន​ចង់​ឃ្លាត​ចេញ​ពី​វា។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ចឹង​គិត អំពី​ទ្រព្យ​សម្បត្តិ​នៅ​ផែនដី ដែល​មាន​តម្លៃ​បំផុត ចំពោះ​ខ្ញុំ និង​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​អំណរ។ ក្នុង​នោះ របស់​ទីមួយ គឺ​ជា​កាត​វិក្កយ​ប័ត្រដ៏​សាមញ្ញ​មួយ ដែល​មាន​អាយុ​៤០​ឆ្នាំ ដែល​ម្តាយ​ខ្ញុំ​បាន​សរសេរ​ដោយ​ផ្ទាល់ដៃ។ របស់​ទីពីរ​គឺ​ជា​ពែង​តែ​ពណ៌​ផ្កា​ឈូក របស់​ជី​ដូន​ខ្ញុំ។ អ្នក​ដទៃ​ប្រហែល​ជា​ចាត់​ទុក​អនុស្សាវរីយ​ល្អ​ៗ ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​មាន​ដូច​ជា ពាក្យ​សរសើរ​ដែល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ស្នាម​ញញឹម​របស់​ចៅ ឬ​មេរៀន​ដ៏​ពិសេស​ដែលពួក​គេ​ទទួល​បាន​ពី​ព្រះ​គម្ពីរ​ជា​ដើម។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របស់​អ្វី​ដែល​យើង​ច្រើន​តែ​បង្គរ​ទុក​ក្នុង​ចិត្ត​យើង គឺ​ជា​ការ​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង។ របស់​ទាំង​នោះ​មាន​ដូច​ជា ទីមួយ : ការ​ថប់​បារម្ភ ដែល​បាន​លាក់​ខ្លួន តែ​អាច​ចេញ​មក​រំខាន​យើង​យ៉ាង​ងាយ​ស្រួល, ទីពីរ : កំហឹង​ដែល​ពួន​ក្នុង​ចិត្ត​យើង ដោយ​ត្រៀម​វាយ​ប្រហារ​គ្រប់​ពេល ហើយ​ទីបី : ភាព​ល្វីង​ជូរ​ចត់ ដែល​បាន​ស៊ី​បំផ្លាញ​ស្នូល​នៃ​គំនិត​របស់​យើង យ៉ាង​ស្ងាត់​ស្ងៀម។

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព គាត់​បាន​លើក​ឡើង អំពី “ការ​គិត” តាម​បែប​ដែល​វិជ្ជ​មាន​ជាង​នេះ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីនោះ ឲ្យ​អរ​សប្បាយ​ជា​និច្ច ឲ្យ​មាន​ភាព​សម្លូត​ និង​ថ្វាយ​ការអ្វី​ទាំង​អស់​ដាច់​ដល់​ព្រះ ដោយ​ការ​អធិស្ឋាន​(ភីលីព ៤:៤-៩)។

ពេល​ដែល​យើង​ស្វែង​យល់ អំពី​ព្រះ​បន្ទូល​ខាង​លើ​នេះ យើង​នឹង​បាន​ដឹង​ថា យើង​អាច​រុញ​ច្រាន​គំនិត​ដ៏​ខ្មៅ​ងងឹត​ចេញ ហើយ​អនុញ្ញាត​ឲ្យ​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ជា​ម្ចាស់ ការពារ​ចិត្ត និង​គំនិត​យើង ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ(ខ.៧)។ យើង​អាច​មាន​សន្តិ​ភាព​ក្នុង​ចិត្ត គឺ​នៅ​ពេល​ដែល​យើង​បំពេញ​គំនិត​យើង ដោយ​ការ​គិត​អំពី​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ​ជា​ដើម(ខ.៨)។—CINDY HESS KASPER