កាលពីខែមករា ឆ្នាំ១៩៤៣ ខ្យល់ក្តៅបានបក់មកទីក្រុងស្ពៀហ្វ៊ីស រដ្ឋដាកូតាខាងត្បូង ធ្វើឲ្យកម្តៅកើនឡើងយ៉ាងឆាប់រហ័សពី-២០°C ទៅ ៧°C។ ដូចនេះសីតុណ្ហភាពបានកើនឡើង២៧អង្សាសេ ក្នុងរយៈពេលដែលពីរវិនាទីប៉ុណ្ណោះ។
ការផ្លាស់ប្តូរសីតុណ្ហភាពដែលអាក្រក់បំផុត ដែលបានកត់ទុកក្នុងប្រវត្តិសាស្រ្តនៃសហរដ្ឋអាមេរិក ក្នុងរយៈពេល២៤ម៉ោង គឺជាការកើនសីតុណ្ហភាព៥៧អង្សាសេ កាលពីឆ្នាំ១៩៧២ នៅក្រុងឡូម៉ា រដ្ឋមុនតាណា ដែលនៅថ្ងៃនោះ គេឃើញសីតុណ្ហភាពលោកផ្លោះពី-៤៨°C ទៅ ៩°C។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរភ្លាមៗនេះ មិនគ្រាន់តែជាបាតុភូតិអាកាសធាតុប៉ុណ្ណោះទេ។ ជួនកាល វាក៏ជាលក្ខណៈនៃជីវិតរបស់មនុស្សផងដែរ។ លោកយ៉ាកុបបានរំឭកយើងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ”(៤:១៣-១៤)។ យើងអាចជួបការបាត់បង់ ដែលមិននឹកស្មានដល់ ឬទទួលលទ្ធផលពិនិត្យសុខភាពដែលគួរឲ្យតក់ស្លត់។ ឬក៏ជួបការខាតបង់ផ្នែកហិរញ្ញវត្ថុជាដើម ដែលសុទ្ធតែជាការផ្លាស់ប្តូរភ្លាមៗ ដោយមិនបានឲ្យដំណឹងជាមុន។
ជីវតយើងជាការធ្វើដំណើរ ដែលមានធាតុផ្សំជាច្រើន ដែលមិនអាចទាយស្មានបាន។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានដាស់តឿនយើង ឲ្យងាកចេញពី “សេចក្តីអំណួត”(ខ.១៦) ដែលមិនបានគិតដល់ព្រះដ៏មានចេស្តាជាធំ។ គាត់បានឲ្យយោបល់យើងថា “គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(ខ.១៥)។ ហេតុការណ៍ក្នុងជីវិតយើង គឺមិនទៀងទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ទោះយើងស្ថិតក្នុងពេលដែលពិបាកយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នឹងមិនបោះបង់យើងចោលឡើយ។ ព្រះអង្គគង់នៅជាមួយយើងជារៀងរហូត។—BILL CROWDER