មាន​ពេល​មួយ អ្នក​បើក​បរ​ឡាន​សណ្តោង បាន​ទាញ​ឡាន​របស់​ម្តាយ​ខ្ញុំ ចេញ​ពី​មាត់​ជ្រោះ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​ចោទមួយ នៅ​លើ​ភ្នំ ហើយ​គាត់​ក៏​បាន​ប្រាប់​ម្តាយ​ខ្ញុំ ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ ព្រោះ​គេ​កំពុង​តែ​តាម​រក​ខ្ញុំ។ កាល​នោះ ម្តាយ​ខ្ញុំ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​កំណើត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ជា​ញឹក​ញាប់ គាត់​បាន​រំឭក​អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​សង្រ្គោះ​ជីវិត​យើង នៅ​ថ្ងៃ​នោះ​ ហើយ​គាត់​បាន​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​បាន​ឲ្យ​តម្លៃ ចំពោះជីវិត​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​ចាប់​កំណើត។

គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត ពី​ព្រះ​នេត្រ​របស់​ព្រះ​អាទិករ ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់។ កាល​ពី​ជាង​២៥០០​ឆ្នាំមុន ព្រះ​អង្គ​បាន​ប្រាប់​ហោរា​យេរេមា​ថា មុន​ពេល​ព្រះ​អង្គ​ជប់​បង្កើត​គាត់ នៅ​ក្នុង​ផ្ទៃ​ម្តាយ​គាត់ ព្រះ​អង្គ​បាន​ស្គាល់គាត់​រួច​ជា​ស្រេច​ហើយ​(យេរេមា ១:៥)។ ព្រះ​ជា​ម្ចាស់​ស្គាល់​យើង​ច្បាស់​ជាង​មនុស្ស​ណា​ទាំង​អស់ ហើយ​ក៏​ប្រទាន​គោល​បំណង និង​អត្ថ​ន័យ ដល់​ជីវិត​យើង​លើស​ពី​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​មក ដោយ​ប្រាជ្ញា និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​រក្សា​ជីវិត​យើង យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះរឿង​លម្អិត​បំផុត​នៃ​ជីវិត​យើង រាល់​វិនាទី គឺ​រាប់​ចាប់​តាំង​ពី​ចង្វាក់​បេះ​ដូង​របស់​យើង រហូត​ដល់​ដំណើរ​ការ​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ខួរ​ក្បាល​យើង។ ស្តេច​ដាវីឌ​បាន​លើក​ឡើង អំពី​របៀប​ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះអង្គ​អើយ ព្រះដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេសដល់​ទូលបង្គំ​ណាស់​ហ្ន៎”(ទំនុកដំកើង ១៣៩:១៧)។

ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្បែរ​យើង​ជា​និច្ច គឺ​នៅ​ជិត​ជាង​អ្វី​ៗ​ទាំង​អស់។ ព្រះ​អង្គ​បាន​បង្កើត​យើង ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល​ការ​ថ្វាយ​បង្គំ និង​ការ​សរសើរ​ដំកើង​របស់​យើង។​—JAMES BANKS