កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ស្រមៃ​ថា ខ្ញុំ​នឹង​បាន​រៀប​ការ​ជា​មួយ​មិត្ត​ប្រុស​របស់​ខ្ញុំ ដែល​នៅ​រៀន​វិទ្យាល័យ​ជា​មួយ​គ្នា តែ​ថ្ងៃ​មួយ យើង​ក៏​បាន​ចែក​ផ្លូវ​គ្នា។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា អនា​គត​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត​សូន្យ​សុង ហើយ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​រស់​នៅ​ដើម្បី​អ្វី​ទេ។ តែ​ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ដឹក​នាំ​ខ្ញុំ ឲ្យ​បម្រើ​ព្រះ​អង្គ ដោយ​បម្រើ​អ្នក​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​ចូល​រៀន​នៅ​សាលា​ព្រះ​គម្ពីរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក ដើម្បី​ចាក​ចេញ​ឆ្ងាយ ពី​ទី​កន្លែង​កំណើត មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ។ ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់ ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ។

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​យាង​នៅ​តាម​មាត់​សមុទ្រ​កាលីឡេ ហើយ​ក៏​បាន​ទត​ឃើញ​លោក​ពេត្រុស និង​លោកអន​ទ្រេ ដែល​ជា​ប្អូន​ប្រុស​គាត់ កំពុង​តែ​បង់​សំណាញ់ នេ​សាទ​ត្រី​នៅ​ក្នុង​សមុទ្រ ដើម្បី​ចិញ្ចឹម​ជីវិត។ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​ពួក​គេ​ថា “ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ”(ម៉ាថាយ ៤:១៩)។ បន្ទាប់​មក ព្រះយេស៊ូវ​ក៏​បាន​ទត​ឃើញ​អ្នក​នេសាទ​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​បង​ប្រុស​គាត់ ឈ្មោះ​យ៉ូហាន ហើយ​ក៏​បានត្រាស់​ហៅ​ពួក​គេ​ឲ្យ​ដើរ​តាម​ព្រះ​អង្គ​ផង​ដែរ(ខ.២១)។

ពេល​ដែល​ពួក​សាវ័ក​ទាំង​នេះ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ ពួក​គេ​ក៏​មាន​អ្វី​ៗ​ជា​ច្រើន ដែល​ត្រូវ​លះ​បង់។​ លោក​ពេត្រុស និង​លោក​អនទ្រ “បាន​ទុក​សំណាញ់​ចោល”(ខ.២០)។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ក៏ “បាន​លះ​បង់​ទូក និង​ឪពុក ហើយដើរ​តាម​ទ្រង់​”ផងដែរ​(ខ.២២)។ ត្រង់​ចំណុច​នេះ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​ថា ពួក​គេ​បាន​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​(លូកា ៥:១១)។

រាល់​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ ក៏​រាប់​បញ្ចូល​ការ​ត្រាស​ហៅ​ឲ្យ​ចាក​ចេញ​ពី​អ្វី​មួយ​ផង​ដែរ។ យើង​ប្រហែល​ជាត្រូវ​ចាក​ចេញ​ពី​សំណាញ់ ទូក ឪពុក​ម្តាយ មិត្ត​ភក្តិ និង​ផ្ទះ​របស់​យើង ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​។ ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង​រាល់​គ្នា ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បានត្រាស់​ហៅ​យើង ឲ្យ​បម្រើ​ព្រះ​អង្គ និង​អ្នក​ដទៃ។— Elisa Morgan