មានពេលមួយ សាស្រ្តាចារ្យហូលី អដវេយ(Holly Ordway) បានបញ្ចេញប្រត្តិកម្ម ចំពោះបទកំណាព្យដ៏គួរឲ្យស្ងប់ស្ងែងរបស់លោកចន ដាន(John Donne) ដែលមានចំណងជើងថា “បទកំណាព្យបរិសុទ្ធ ទាំង១៤ឃ្លា”។ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាបានប៉ះខ្សែភ្លើងឆក់។ គាត់មិនដឹងថា ត្រូវនិយាយដូចម្តេចទេ។ ក្រោយមក អ្នកស្រីអដវេយ បានរំឭកថា កាលនោះ ពីដំបូងគាត់មានទស្សនៈបែបអ្នកមិនជឿព្រះ តែបទកំណាព្យនោះ បានធ្វើឲ្យគាត់បើកចិត្ត។ ទីបំផុត គាត់ក៏បានជឿថា ព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ ពិតជាមានអំណាចធ្វើឲ្យជីវិតផ្លាស់ប្រែ។
លោកពេត្រុស យ៉ាកុប និងយ៉ូហាន ប្រហែលជាមិនអារម្មណ៍មិនខុសពីសាស្រ្តាចារ្យអដវេយឡើយ ពេលដែលព្រះយេស៊ូវនាំពួកគេឡើងទៅដល់កំពូលភ្នំ ដែលនៅទីនោះពួកគេបានឃើញសិរីល្អរបស់ព្រះអង្គបង្ហាញចេញមក តាមរបៀបដ៏អស្ចារ្យ។ ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ(ម៉ាកុស ៩:៣) នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ។
ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ព្រះអង្គហាមប្រាមគេមិនឲ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់ពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ(ខ.៩)។ ប៉ុន្តែ ពួកគេមិនទាន់យល់អំពីអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញនោះឡើយ(ខ.១០)។
កាលនោះ ពួកសាវ័កមិនមានការយល់ដឹង អំពីព្រះយេស៊ូវ ឲ្យបានគ្រប់ជ្រុងជ្រោយឡើយ ព្រោះពួកគេមិនអាចយល់ អំពីគោលដៅរបស់ព្រះអង្គ ដែលរាប់បញ្ចូលការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ប៉ុន្តែ ទីបំផុត បទពិសោធន៍ដែលពួកគេមានជាមួយព្រះអម្ចាស់របស់ពួកគេ ដែលមានព្រះជន្មរស់ឡើងវិញ បានធ្វើឲ្យជីវិតពួកគេផ្លាស់ប្រែ តាមរបៀបដ៏អស្ចារ្យ។ ក្រោយមក លោកពេត្រុសបានពិពណ៌នា អំពីព្រឹត្តិការណ៍នោះថាជាពេលដែលពួកសាវ័កបានធ្វើជាស្មរបន្ទាល់ “ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែក”(២ពេត្រុស ១:១៦)។
ពេលណាយើងបានឃើញឫទ្ធានុភាពរបស់ព្រះយេស៊ូវ យើងនឹងមានការភ្ញាក់ផ្អើល គឺមិនខុសពីពួកសាវ័កឡើយ។ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់នឹងធ្វើការនៅក្នុងចិត្តយើង។ —TIM GUSTAFSON