មាន​ពេល​មួយ សាស្រ្តា​ចារ្យ​ហូលី អដវេយ(Holly Ordway) បាន​បញ្ចេញ​ប្រត្តិ​កម្ម ចំពោះ​បទ​កំណាព្យ​ដ៏​គួរ​ឲ្យ​ស្ងប់ស្ងែង​របស់​លោក​ចន ដាន(John Donne) ដែល​មាន​ចំណង​ជើង​ថា “បទ​កំណាព្យ​បរិសុទ្ធ ទាំង​១៤​ឃ្លា”។ គាត់​មាន​អារម្មណ៍​ថា គាត់​ហាក់​ដូច​ជា​បាន​ប៉ះ​ខ្សែ​ភ្លើង​ឆក់។ គាត់​មិន​ដឹង​ថា ត្រូវ​និយាយ​ដូច​ម្តេច​ទេ។ ក្រោយ​មក អ្នក​ស្រី​អដវេយ បាន​រំឭក​ថា កាល​នោះ ពី​ដំបូង​គាត់​មាន​ទស្សនៈ​បែប​អ្នក​មិន​ជឿ​ព្រះ ​តែ​បទ​កំណាព្យ​នោះ បាន​ធ្វើ​ឲ្យ​គាត់​បើក​ចិត្ត។ ទី​បំផុត គាត់​ក៏​បាន​ជឿ​ថា ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពិត​ជា​មាន​អំណាច​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ។​

លោក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រហែល​ជា​មិន​អារម្មណ៍​មិន​ខុស​ពី​សាស្រ្តា​ចារ្យ​អដវេយ​ឡើយ ពេល​ដែល​ព្រះយេស៊ូវ​នាំ​ពួក​គេ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ​បង្ហាញ​ចេញ​មក តាមរបៀប​ដ៏​អស្ចារ្យ។ ព្រះពស្ត្រ​ទ្រង់​ត្រឡប់​ជា​ភ្លឺ​សស្គុស​ដូច​ហិមៈ(ម៉ាកុស ៩:៣) នោះ​លោក​អេលីយ៉ា ព្រម​ទាំង​លោក​ម៉ូសេ បាន​លេច​មក​ឲ្យ​ឃើញ។

ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ព្រះអង្គ​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍ ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ(ខ.៩)។ ប៉ុន្តែ ពួក​គេ​​មិន​ទាន់យល់​អំពី​អត្ថ​ន័យ​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ឡើយ(ខ.១០)។

កាល​នោះ ពួក​សាវ័ក​មិន​មាន​ការ​យល់​ដឹង អំពី​ព្រះ​យេស៊ូវ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ ព្រោះ​ពួក​គេ​មិន​អាចយល់ អំពី​គោល​ដៅ​របស់​ព្រះ​អង្គ ដែល​រាប់​បញ្ចូល​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ ប៉ុន្តែ ទី​បំផុត បទ​ពិសោធន៍​ដែល​ពួក​គេ​មាន​ជា​មួយ​ព្រះ​អម្ចាស់​របស់​ពួក​គេ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​ផ្លាស់​ប្រែ តាម​របៀប​ដ៏​អស្ចារ្យ។ ក្រោយ​មក លោក​ពេត្រុស​បាន​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​នោះ​ថា​ជា​ពេលដែល​ពួក​សាវ័ក​បាន​ធ្វើ​ជា​ស្មរ​បន្ទាល់ “ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​”(២ពេត្រុស ១:១៦)។

ពេល​ណា​យើង​បាន​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​យេស៊ូវ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល គឺ​មិន​ខុស​ពី​ពួក​សាវ័ក​ឡើយ។ ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​នឹង​ធ្វើ​ការ​នៅ​ក្នុង​ចិត្ត​យើង។ —TIM GUSTAFSON