នៅ​ក្នុង​ការ​រត់​ប្រណាំ អាយរុនមែន ត្រេតលុន នៅ​រដ្ឋ​ហាវ៉ៃ កាល​ពី​ឆ្នាំ​១៩៩៧ កញ្ញា​សាន វេល(Sian Welch) និងកញ្ញា​វេនឌី អ៊ីនក្រាហាំ(Wendy Ingraham) ជា​បាន​ព្យាយាម​ក្រោក​ឈរ​ឡើង ដើម្បី​បន្ត​ដំណើរ​ទៅ​រក​ទី​ផ្តាច់​ព្រ័ត្រ។ ពួក​គេ​មាន​ការ​ខ្សោះ​អស់​កម្លាំង ដោយ​ជើង​ញ័រ​អស់​ទៅ​ហើយ។ ពួក​គេ​ក៏​បាន​ដួល​ទៅ​លើ​ដី ហើយ​ក៏​បាន​ព្យាយាម​ក្រោក​ឈរ តែ​ពួក​គេ​ក៏​បាន​ដួល​ម្តង​ទៀត។ នៅ​សល់​តែ​២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ពួក​គេ​ទៅ​ដល់​ទី​ហើយ។  ពេល​ដែល​កញ្ញា​អ៊ីនក្រាហាំ ចាប់​ផ្តើម​លូន​ទៅ​រក​ទី ហ្វូង​មនុស្ស​ក៏​បាន​ទះ​ដៃ​ឡើង។ ពេល​ដែល​គូ​ប្រកួត​របស់​នាងលូន​តាម​ពី​ក្រោយ​នាង ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ​កាន់​តែ​ខ្លាំង។ អ៊ីនក្រាហាំ​ក៏​បាន​ទៅ​ដល់​ទី ក្នុង​លេខ​រៀង​ទី​៤ ហើយ​នាង​ក៏​បាន​ផ្តួល​ខ្លួន​ទៅ​លើ​ដៃ​របស់​អ្នក​គាំទ្រ ដែល​ចាំ​ទទួល​នាង។ បន្ទាប់​មក នាងក៏​បាន​ងាក​មក​ក្រោយ ហើយ​ឈោង​ដៃ​ទៅ​រក​កញ្ញា​វេល ដែល​បាន​ដួល​ម្តង​ទៀត។ កញ្ញា​វេល​ក៏​បាន​ព្យាយាម​ក្រោក​ឡើង ហើយ​ផ្តួល​ខ្លួន​ទៅ​មុខ ដោយ​លាត​ដៃ​សន្ធឹង ទៅ​រក​ដៃ​ដ៏​ទន់​ខ្សោយ​របស់​កញ្ញា​អ៊ីនក្រាហាំ ហើយ​ក៏​បាន​ទៅ​ដល់​ទី​ផ្តាត់​ព្រត្រ។  ពេល​ដែល​នាង​បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​លេខ​រៀង​ទី​៥ ហ្វូង​មនុស្ស​ក៏​បាន​ស្រែក​ហូរ​ឡើង ដើម្បី​អប​អរ​នាង។

អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ការ​ប្រកួត​ចម្ងាយ ២២៥​គីឡូ​ម៉ែត្រ ដែល​រាប់​បញ្ចូល​ការ​ហែល​ទឹក ជិះ​កង់ និង​រត់​ប្រណាំង។ ជោគ​ជ័យ​នេះ​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ក្នុង​ជីវិត។ ប៉ុន្តែ ទិដ្ឋភាព​នៃ​កីឡាករ​ដែល​ខ្សោះអស់​កម្លាំង​ស៊ូទ្រាំ​ជា​មួយ​គ្នា​ដូច​នេះ បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ ដោយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ក្នុង​កណ្ឌ​គម្ពីរសាស្តា ៤:៩-១១

ការ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ជំនួយ​ក្នុង​ជីវិត​(ខ.៩) គឺ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ទេ ជា​ពិសេស ដោយ​សារ​យើង​មិន​អាច​បដិសេធ​ដោយ​ចិត្ត​ស្មោះ​ត្រង់​ថា យើង​គ្មាន​តម្រូវ​ការ ឬ​មិន​អាច​លាក់​បាំង​តម្រូវ​ការ​របស់​យើង ពី​ព្រះ​ដែល​ជ្រាប​គ្រប់​ការ​ទំាង​អស់។ នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត​យើង យើង​រាល់​គ្នា​នឹង​ដួល​ចុះ ក្នុង​ផ្លូវ​កាយ ឬផ្លូវ​អារម្មណ៍។ យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត​នៅ​ក្នុង​ការ​ស៊ូ​ទ្រាំ​នោះ ដោយ​ដឹង​ថា យើង​មិន​ប្រឈម​មុខ​ដាក់​បញ្ហានេះ​តែ​ម្នាក់​ឯង​ទេ។ ពេល​ណា​ព្រះ​វរបិតា​ជួយ​យើង ព្រះ​អង្គ​ក៏​ប្រទាន​កម្លាំងដល់​យើង ឲ្យ​ឈោង​ទៅ​រក​អ្នក​ដទៃ ដែល​កំពុង​តែ​មាន​តម្រូវ​ការ ដើម្បី​បញ្ជាក់​​ពួក​គេ​ថា ពួក​គេ​ក៏​មិន​ជួប​បញ្ហា​នេះ​តែ​ម្នាក់​ឯង​ដែរ។  —XOCHITL DIXON