ចេន(Jane) មាន​គម្រោង​ធ្វើ​ការ​ជា​អ្នក​ព្យាបាល​ក្មេង​ដែល​មាន​បញ្ហា​និយាយ។ ប៉ុន្តែ ពេល​ដែល​នាង​បាន​ទៅ កម្ម​សិក្សា នាង​ក៏​បាន​ដឹង​ថា ការងារ​នោះ​មាន​បញ្ហា​ប្រឈម ក្នុង​ផ្លូវ​អារម្មណ៍​ខ្លាំង​ពេក សម្រាប់​នាង។ គម្រោង​នេះ​ក៏​បាន​បញ្ចប់។ បន្ទាប់​មក គេ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​នាង​ធ្វើ​​ជា​អ្នក​និពន្ធ​សម្រាប់​ទស្សនាវដ្ដី​មួយ។ តែ​នាង​មិន​បានធ្វើ​ការ​ជា​អ្នក​និពន្ធ​ទេ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​ប្រើ​ជំនាញ​សរសេរ​របស់​នាង ដើម្បី​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ជួយ​គ្រូសារ​ជន​ក្រីក្រ។ ក្រោយ​មក​នាង​ក៏​បាន​ដឹង​ថា មូល​ហេតុ ដែល​ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ផែន​ការ​របស់​នាង គឺដោយសារ​ព្រះ​អង្គ​មាន​ផែនការ​ដែល​ធំ​ជាង​នោះ សម្រាប់​នាង។

នៅ​ក្នុង​ព្រះ​គម្ពីរ មាន​រឿង​ជា​ច្រើន​ដែល​និយាយ​អំពី​ផែន​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្អាក់។ នៅ​ក្នុង​ដំណើរ​បេសក​កម្ម​លើក​ទី​ពីរ សាវ័ក​ប៉ុល​មាន​គម្រោង​ទៅ​ផ្សាយ​ដំណឹង​ល្អ នៅ​ស្រុក​ប៊ីធូនា តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រារាំង​គាត់ មិន​ឲ្យ​ចូល​ស្រុក​នោះ​ទេ(កិច្ចការ ១៦:៦-៧)។  រឿង​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ឆ្ងល់។ ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​បង្អាក់គម្រោង ដែល​ស្រប​តាម​បេសកកម្ម​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន? ព្រះ​ជា​ម្ចាស់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា តាម​ពិត គឺ​ដោយ​សារ​ស្រុក​មាសេដូន​ត្រូវ​ការ​គាត់​ខ្លាំង​ជាង។ ជា​លទ្ធ​ផល នៅ​ទីនោះ សាវ័ក​ប៉ុល​ក៏​បាន​បង្កើត​ពួក​ជំនុំ​ដំបូង ក្នុង​ទ្វីប​អឺរ៉ុប។ ស្តេច​សាឡូម៉ូន​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិតស្ថេរ​នៅ”(សុភាសិត ១៩:២១)។

ការ​ធ្វើ​ផែនការ​គឺ​ជា​ទង្វើរ​ដ៏​សម​ហេតុ​ផល។ មាន​មតិ​មួយ​បាន​ពោល​ថា ការ​ខក​ខាន​មិន​បាន​ធ្វើ​ផែន​ការ គឺ​ជា​ការរៀប​គម្រោង​ដើម្បី​ទទួល​បរាជ័យ​។ ប៉ុន្តែ​ ព្រះ​ជាម្ចាស់​អាច​បង្អាក់​ផែនការ​របស់​យើង ដោយ​ប្រើ​ផែន​ការ​របស់​ទ្រង់។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ ហើយ​ស្តាប់​បង្គាប់​តាម ដោយ​ដឹង​ថា យើង​អាច​ទុក​ចិត្ត​ព្រះ​អង្គ​។ ពេល​ណា​យើង​ចុះ​ចូល​នឹង​បំណង​ព្រះទ័យ​ទ្រង់ ​យើង​ក៏​នឹង​បាន​រស់​នៅ​ស្រប​តាម​គោល​បំណង ដែល​ព្រះ​អង្គមាន​សម្រាប់​ជីវិត​យើង។​

ដូច​នេះ ពេល​ណា​យើង​បន្ត​ធ្វើ​ផែនការ យើង​ចាំ​បាច់​ត្រូវ​ស្តាប់​តាម​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់។​—LESLIE KOH