នៅក្នុងការរត់ប្រណាំ អាយរុនមែន ត្រេតលុន នៅរដ្ឋហាវ៉ៃ កាលពីឆ្នាំ១៩៩៧ កញ្ញាសាន វេល(Sian Welch) និងកញ្ញាវេនឌី អ៊ីនក្រាហាំ(Wendy Ingraham) ជាបានព្យាយាមក្រោកឈរឡើង ដើម្បីបន្តដំណើរទៅរកទីផ្តាច់ព្រ័ត្រ។ ពួកគេមានការខ្សោះអស់កម្លាំង ដោយជើងញ័រអស់ទៅហើយ។ ពួកគេក៏បានដួលទៅលើដី ហើយក៏បានព្យាយាមក្រោកឈរ តែពួកគេក៏បានដួលម្តងទៀត។ នៅសល់តែ២០ម៉ែត្រទៀតប៉ុណ្ណោះ ពួកគេទៅដល់ទីហើយ។ ពេលដែលកញ្ញាអ៊ីនក្រាហាំ ចាប់ផ្តើមលូនទៅរកទី ហ្វូងមនុស្សក៏បានទះដៃឡើង។ ពេលដែលគូប្រកួតរបស់នាងលូនតាមពីក្រោយនាង ហ្វូងមនុស្សក៏បានស្រែកហូរកាន់តែខ្លាំង។ អ៊ីនក្រាហាំក៏បានទៅដល់ទី ក្នុងលេខរៀងទី៤ ហើយនាងក៏បានផ្តួលខ្លួនទៅលើដៃរបស់អ្នកគាំទ្រ ដែលចាំទទួលនាង។ បន្ទាប់មក នាងក៏បានងាកមកក្រោយ ហើយឈោងដៃទៅរកកញ្ញាវេល ដែលបានដួលម្តងទៀត។ កញ្ញាវេលក៏បានព្យាយាមក្រោកឡើង ហើយផ្តួលខ្លួនទៅមុខ ដោយលាតដៃសន្ធឹង ទៅរកដៃដ៏ទន់ខ្សោយរបស់កញ្ញាអ៊ីនក្រាហាំ ហើយក៏បានទៅដល់ទីផ្តាត់ព្រត្រ។ ពេលដែលនាងបានបញ្ចប់ការប្រកួតក្នុងលេខរៀងទី៥ ហ្វូងមនុស្សក៏បានស្រែកហូរឡើង ដើម្បីអបអរនាង។
អ្នកទាំងពីរបានបញ្ចប់ការប្រកួតចម្ងាយ ២២៥គីឡូម៉ែត្រ ដែលរាប់បញ្ចូលការហែលទឹក ជិះកង់ និងរត់ប្រណាំង។ ជោគជ័យនេះបានបណ្តាលចិត្តមនុស្សជាច្រើនឲ្យមានការប្រឹងប្រែងក្នុងជីវិត។ ប៉ុន្តែ ទិដ្ឋភាពនៃកីឡាករដែលខ្សោះអស់កម្លាំងស៊ូទ្រាំជាមួយគ្នាដូចនេះ បានដក់ជាប់ក្នុងចិត្តខ្ញុំ ដោយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតក្នុងកណ្ឌគម្ពីរសាស្តា ៤:៩-១១
ការទទួលស្គាល់ថា យើងត្រូវការជំនួយក្នុងជីវិត(ខ.៩) គឺមិនមែនជារឿងដែលគួរឲ្យខ្មាស់អៀនទេ ជាពិសេស ដោយសារយើងមិនអាចបដិសេធដោយចិត្តស្មោះត្រង់ថា យើងគ្មានតម្រូវការ ឬមិនអាចលាក់បាំងតម្រូវការរបស់យើង ពីព្រះដែលជ្រាបគ្រប់ការទំាងអស់។ នៅពេលណាមួយក្នុងជីវិតយើង យើងរាល់គ្នានឹងដួលចុះ ក្នុងផ្លូវកាយ ឬផ្លូវអារម្មណ៍។ យើងអាចមានការកម្សាន្តចិត្តនៅក្នុងការស៊ូទ្រាំនោះ ដោយដឹងថា យើងមិនប្រឈមមុខដាក់បញ្ហានេះតែម្នាក់ឯងទេ។ ពេលណាព្រះវរបិតាជួយយើង ព្រះអង្គក៏ប្រទានកម្លាំងដល់យើង ឲ្យឈោងទៅរកអ្នកដទៃ ដែលកំពុងតែមានតម្រូវការ ដើម្បីបញ្ជាក់ពួកគេថា ពួកគេក៏មិនជួបបញ្ហានេះតែម្នាក់ឯងដែរ។ —XOCHITL DIXON