លោកចូស(Jose) គឺជាគ្រូគង្វាល នៅព្រះវិហារមួយ ដែលមានភាពល្បីល្បាញ ដោយសារកម្មវិធី និងការប្រគុំតន្រ្តីថ្វាយបង្គំ។ ពួកជំនុំរបស់គាត់បានធ្វើកិច្ចការទាំងនេះបានល្អណាស់ តែគាត់មានការបារម្ភ ខ្លាចភាពមមាញឹករបស់ពួកជំនុំគាត់ ក្លាយជាការធ្វើជំនួញ។ តើពួកជំនុំរបស់គាត់បានលូតលាស់ ដោយសារមូលហេតុដ៏ត្រឹមត្រូវ ឬក៏ដោយសារសកម្មភាពរបស់ពួកគេ? លោកចូសចង់ដឹងការពិត ដូចនេះ គាត់ក៏បានលុបកម្មវិធីបន្ថែមរបស់ពួកជំនុំរបស់គាត់ អស់រយៈពេល១ឆ្នាំ។ ពួកជំនុំរបស់គាត់ក៏បានផ្តោតទៅលើការរស់នៅជាព្រះវិហារដ៏រស់ ដែលយកការថ្វាយបង្គំព្រះជាទីមួយ។
ការសម្រេចចិត្តរបស់លោកចូស បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើ ពេលដែលព្រះអង្គយាងចូលទីធ្លាខាងក្រៅនៃព្រះវិហារ នៅទីក្រុងយេរូសាឡិម។ ទីធ្លាដ៏បរិសុទ្ធដែលគេគួរតែប្រើជាកន្លែងអធិស្ឋាន បានក្លាយជាកន្លែងរកស៊ី ក្នុងផ្នែកថ្វាយបង្គំ។ ព្រះយេស៊ូវក៏បានផ្កាប់តុរបស់ពួកឈ្មួញទាំងនោះ ហើយក៏បានបញ្ឈប់អ្នកដែលបានទិញទំនិញរបស់ពួកគេ។ ព្រះអង្គខ្ញាល់ ចំពោះទង្វើររបស់ពួកគេ ហើយក៏បានដកស្រង់បទគម្ពីរអេសាយ ជំពូក៥៦ និងយេរេមា ជំពូក៧ ដែលបានចែងថា “តើគ្មានសេចក្តីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ”(ម៉ាកុស ១១:១៧)។
ការធ្វើជំនួញ ឬមានការមមាញឹកនឹងការងារ អាចជាការចាំបាច់ ប៉ុន្តែ ពួកជំនុំរបស់ព្រះត្រូវមានការប្រុងប្រយ័ត្ន។ យើងជាព្រះវិហារដ៏រស់របស់ព្រះ ហើយកិច្ចការចម្បងរបស់យើង គឺត្រូវថ្វាយបង្គំព្រះយេស៊ូវឲ្យបានត្រឹមត្រូវ។ យើងមិនទំនងជាត្រូវផ្កាប់តុអ្នករកស៊ីក្នុងព្រះវិហារ ដូចព្រះយេស៊ូវឡើង ប៉ុន្តែ ព្រះអង្គអាចត្រាស់ហៅយើង ឲ្យធ្វើការកែតម្រង់ដ៏ចំាបាច់ណាមួយ ក្នុងពួកជំនុំ។ —MIKE WITTMER