លោក​ចូស(Jose) គឺ​ជា​គ្រូ​គង្វាល នៅ​ព្រះ​វិហារ​មួយ​ ដែល​មាន​ភាព​ល្បី​ល្បាញ ដោយ​សារ​កម្ម​វិធី និង​ការ​ប្រគុំ​តន្រ្តីថ្វាយ​បង្គំ។ ពួក​ជំនុំ​របស់​គាត់​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន​ល្អ​ណាស់ តែ​គាត់​មាន​ការ​បារម្ភ ខ្លាច​ភាព​មមា​ញឹក​របស់​ពួក​ជំនុំ​​គាត់ ក្លាយ​ជា​ការ​ធ្វើ​ជំនួញ។ តើ​ពួក​ជំនុំ​របស់​គាត់​បាន​លូត​លាស់ ដោយ​សារ​មូល​ហេតុ​ដ៏​ត្រឹម​ត្រូវ ឬ​ក៏​ដោយ​សារ​សកម្ម​ភាព​របស់​ពួក​គេ? លោក​ចូស​ចង់​ដឹង​ការ​ពិត ដូច​នេះ គាត់​ក៏​បាន​លុប​កម្មវិធី​បន្ថែម​របស់​ពួក​ជំនុំ​របស់​គាត់ អស់រយៈពេល១ឆ្នាំ។ ពួក​ជំនុំ​របស់​គាត់​ក៏​បាន​ផ្តោត​ទៅ​លើ​ការ​រស់​នៅ​ជា​ព្រះ​វិហារ​ដ៏​រស់ ដែល​យក​ការថ្វាយ​បង្គំ​ព្រះ​ជា​ទីមួយ​។​

ការ​សម្រេច​ចិត្ត​របស់​លោក​ចូស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះវិហារ នៅ​ទីក្រុង​យេរូសាឡិម។ ទីធ្លា​ដ៏​បរិសុទ្ធ​ដែល​គេ​គួរ​តែ​ប្រើ​ជា​កន្លែង​អធិស្ឋាន បាន​ក្លាយ​ជា​កន្លែង​រក​ស៊ី ក្នុង​ផ្នែក​ថ្វាយ​បង្គំ។ ព្រះ​យេស៊ូវ​ក៏​បាន​ផ្កាប់​តុ​របស់​ពួក​ឈ្មួញ​ទាំង​នោះ ហើយ​ក៏​បាន​បញ្ឈប់​អ្នក​ដែល​បាន​ទិញ​ទំនិញ​របស់​ពួក​គេ។ ព្រះ​អង្គ​ខ្ញាល់ ចំពោះ​ទង្វើរ​របស់​ពួក​គេ ហើយ​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ជំពូក៥៦ និង​យេរេមា ជំពូក៧ ដែល​បាន​ចែង​ថា “តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរវិញ”(ម៉ាកុស ១១:១៧)។

ការ​ធ្វើ​ជំនួញ ឬ​មាន​ការ​មមាញឹក​នឹង​ការងារ អាច​ជា​ការ​ចាំ​បាច់ ប៉ុន្តែ ពួក​ជំនុំ​របស់​ព្រះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​ជា​ព្រះ​វិហារ​ដ៏​រស់​របស់​ព្រះ ហើយ​កិច្ចការ​ចម្បង​របស់​យើង គឺ​ត្រូវ​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ​ឲ្យ​បាន​ត្រឹម​ត្រូវ។ យើង​មិន​ទំនង​ជា​ត្រូវ​ផ្កាប់​តុ​អ្នក​រក​ស៊ី​ក្នុង​ព្រះវិហារ ដូច​ព្រះ​យេស៊ូវ​ឡើង ប៉ុន្តែ ព្រះ​អង្គ​អាច​ត្រាស់​ហៅ​យើង ឲ្យ​ធ្វើ​ការ​កែ​តម្រង់​ដ៏​ចំា​បាច់ណា​មួយ ក្នុង​ពួក​ជំនុំ។ —MIKE WITTMER