ក្នុងការរស់នៅប្រចាំថ្ងៃ ការស្វែងរក និងឆក់យកឱកាសឲ្យទាន់ពេលវេលា គឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យយើងអាចទទួលជោគជ័យ នៅក្នុងការបំពេញភារកិច្ចអ្វីមួយ។ ដើម្បីឆក់ឱកាសឲ្យទាន់ពេលវេលា យើងត្រូវមានភាពរហ័សរហួន និងឆ្លាតវ័យ តែក៏ត្រូវពឹងផ្អែកទៅលើព្រះជាម្ចាស់ ដែលជាអ្នកប្រទានឱកាសនោះផងដែរ ដ្បិតព្រះអង្គជាអ្នកគ្រប់គ្រងពេលវេលា និងអ្វីៗទាំងអស់។
យើងងាយនឹងផ្តោតចិត្ត ឬថែមទាំងមានចិត្តងប់ងល់ចំពោះកិច្ចការរបស់យើង ខណៈពេលដែលយើងស្វែងរកឱកាស ឲ្យបានច្រើនជាអតិបរមា។ បញ្ហានេះ បានធ្វើឲ្យខ្ញុំចោទសួរខ្លួនឯងថា តើខ្ញុំមានចិត្តឆេះឆួលដូចនេះ នៅក្នុងការស្វែងរកឱកាសខាងវិញ្ញាណ ឲ្យច្រើនជាអតិបរមាឬទេ?
សាវ័កប៉ុលដឹងថា យើងចាំបាច់ត្រូវមានការប្រុងប្រៀបជាស្រេច ដើម្បីឆក់ឱកាសធ្វើការបម្រើព្រះ។ ក្នុងបទគម្ពីរកូល៉ុស ជំពូក៤ គាត់បានបង្រៀនឲ្យយើងអធិស្ឋានទូលសូមឱកាស សម្រាប់ផ្សាយដំណឹងល្អ(ខ.៣)។ បន្ទាប់មក គាត់ក៏បានជំរុញចិត្តយើងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”(ខ.៥)។ គាត់មិនចង់ឲ្យយើងខកខាន មិនបានឆក់ឱកាស ដើម្បីនាំអ្នកដទៃឲ្យស្គាល់ព្រះគ្រីស្ទនោះឡើយ ។ ប៉ុន្តែ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ពួកគេ រួចនាំពួកគេឲ្យស្គាល់ព្រះអង្គ ដោយប្រើពាក្យសម្តី ប្រកបដោយព្រះគុណ(ខ.៦)។
ក្នុងពិភពលោកយើងសព្វថ្ងៃ មានរឿងជាច្រើន ដែលកំពុងដណ្តើមពេលវេលា និងការចាប់អារម្មណ៍របស់យើង។ ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើង ឲ្យចូលទៅក្នុងសង្គម ដោយស្វែងរកឱកាសជារៀងរាល់ថ្ងៃ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ។—Adam Holz