ខ្ញុំ​បាន​ចិញ្ចឹម​ត្រី​ក្រឹម​សៀម​មួយ​ក្បាល ឈ្មោះ​ហ្វ៊ីន(Finn) នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ អស់​រយៈ​ពេល​២​ឆ្នាំ។ ជា​ញឹក​ញាប់ កូន​ស្រី​របស់​ខ្ញុំ​បាន​ឱន​មើល​វា ក្នុង​អាង​ចិញ្ចឹម​ត្រី ហើយ​និយាយ​ទៅ​កាន់​វា បន្ទាប់​ពី​នាង​បាន​ទម្លាក់​ចំណី​ឲ្យ​វា។ ពេល​ណា​គ្រូ​លើក​យក​ប្រធាន​បទ អំពី​សត្វ​ចិញ្ចឹម​មក​និយាយ នៅ​ក្នុង​ថ្នាក់​រៀន នៅ​សាលា​មេត្តេយ្យ នាង​ក៏​បាន​ប្រាប់​គេ​ថា ត្រី​ក្រឹម​នោះ​ជា​សត្វ​ចិញ្ចឹម​របស់​នាង។ ទី​បំផុត ត្រី​ក្រឹម​នោះ​ក៏​បាន​ស្លាប់ ជា​ហេតុ​បណ្តាល​ឲ្យ​កូន​ស្រី​ខ្ញុំ​មាន​ការកើត​ទុក្ខ​យ៉ាង​ខ្លាំង។

ម្តាយ​របស់​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ស្វែង​យល់​អំពី​អារម្មណ៍​របស់​កូន​ស្រី​ខ្ញុំ​ឲ្យ​បាន​ច្បាស់ ហើយ​ប្រាប់​នាង​ថា ព្រះអង្គ​ជ្រាប​ច្បាស់ អំពី​ទុក្ខ​លំបាក​របស់​នាង។ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ តែ​ខ្ញុំ​ឆ្ងល់​ថា តើ​នាងអាច​មាន​ការ​កម្សាន្ត​ចិត្ត​ទេ ពេល​ដែល​នាង​បាន​ឮ​ខ្ញុំ​ប្រាប់​នាង​ដូច​នេះ? បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា​ ព្រះ​ជា​ម្ចាស់មិន​គ្រាន់​តែ​ជ្រាប អំពី​ហេតុការណ៍​ក្នុង​ជីវិត​យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទត​ឃើញ​សណ្ឋាន​នៃ​វិញ្ញាណ​របស់​យើង ដោយ​ព្រះ​ទ័យ​ក្តួល​អាណឹត និង​ជ្រាប​ថា យើង​មាន​ការ​ពិបាក​ចិត្ត​ប៉ុណ្ណា។ ព្រះ​អង្គ​ជ្រាប​ថា “រឿង​តូច” អាច​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ថា វា​ជា​រឿង​ធំ អាស្រ័យ​ទៅ​លើ​អាយុ របួស​ពី​អតីតកាល ឬ​ការ​ខ្វះ​ខាត។

ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​ទម្លាក់​ប្រាក់​តែ​ពីរ​ស្លឹង ចូល​ទៅ​ក្នុង​ហឹប​ដង្វាយ ព្រះយេស៊ូវ​បាន​ទត​ឃើញ​ទំហំ​ពិតប្រាកដ​នៃ​ដង្វាយ​នោះ នៅ​ក្នុង​ចិត្ត​គាត់។ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្រ្តី​នេះ បាន​យក​ពី​សេចក្តី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(ម៉ាកុស ១២:៤៣-៤៤)។

ស្រ្តី​នោះ​មិន​បាន​និយាយ​អ្វី​ទេ នៅ​ពេល​នោះ តែ​ព្រះ​យេស៊ូវ​បាន​ទទួល​ស្គាល់​ថា ដង្វាយ​របស់​នាង គឺ​ជា​ការ​លះ​បង់របស់​នាង ខណៈ​ពេល​ដែល​គេ​គិត​ថា វា​គ្រាន់​តែ​ជា​ដង្វាយ​ដ៏​តិច​តួច។ ព្រះ​អង្គ​ក៏​តែង​តែ​ទត​មើល​ចិត្ត​របស់​យើង​ផងដែរ ពេល​ដែល​យើង​ធ្វើ​អ្វី​ៗ​ថ្វាយ​ព្រះ​អង្គ។ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​អង្គ​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ ជា​ពិសេស​ចិត្ត​របស់​យើង។ —JENNIFER BENSON SCHULDT11