មានពេលមួយលោកចេសិន(Jason) ត្រូវទទួលការវះកាត់ជាបន្ទាន់។ បន្ទាប់ពីការវះកាត់ដ៏ជោគជ័យ គាត់ក៏បានទទួលវិក័យប័ត្រជាច្រើន សម្រាប់ថ្នាំសណ្តំ ការវះកាត់ បន្ទប់វះកាត់ និងការចំណាយផ្សេងទៀតនៅមន្ទីរពេទ្យ។ គាត់ក៏បានត្អូញត្អែរថា “បន្ទាប់ពីក្រុមហ៊ុនធានារ៉ាបរងបានចេញថ្លៃពេទ្យហើយ យើងនៅជំពាក់លុយគេរាប់ពាន់ដុល្លាទៀត។ បើសិនជាយើងអាចបង់ថ្លៃចំណាយទាំងនោះឲ្យអស់ យើងនឹងរស់នៅបានស្រួល ហើយខ្ញុំក៏នឹងមានចិត្តស្កប់ស្កល់”។ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែលេងល្បែងវាយសត្វកំពីងដូង” ដែលក្នុងនោះ សត្វកំពីងដូងជ័រជាច្រើនក្បាល បានលេចចេញតាមរន្ធឆ្លាស់គ្នា ហើយគេត្រូវយកញញួរជ័រវាយវាឲ្យទាន់ ពេលវាអើតក្បាលចេញមកតាមរន្ធណាមួយ។
មានបញ្ហាជាច្រើនបានកើតឡើងក្នុងជីវិតយើង ដូចល្បែងកម្សាន្តមួយនេះដែរ។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ធ្លាប់ជួបការខ្វះខាត តែគាត់បានរៀនអំពីអាថ៌កំបាំងនៃការស្កប់ចិត្ត ក្នុងកាលៈទេសៈទាំងអស់(ភីលីព ៤:១២)។ អាថ៌កំបាំងនោះគឺ “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។ ពេលណាខ្ញុំជួបការខ្វះខាត ហើយត្រូវការការស្កប់ចិត្ត ខ្ញុំក៏បាននឹកចាំអំពីខគម្ពីរទាំងនេះ ហើយខ្ញុំក៏បានសួរខ្លួនឯងថា បើខ្ញុំមិនរៀនស្កប់ចិត្ត ក្នុងរឿងនេះ នៅពេលឥឡូវនេះទេ តើធ្វើដូចម្តេចឲ្យខ្ញុំអាចស្កប់ចិត្ត នៅក្នុងរឿងផ្សេងបាន?
តើយើងអាចរៀនសម្រាក នៅក្នុងព្រះយេស៊ូវ ដោយរបៀបណា? យើងអាចរៀនសម្រាកក្នុងព្រះអង្គ ដោយផ្តោត ទៅលើការអរសប្បាយ និងការដឹងគុណ សម្រាប់ការល្អដែលព្រះអង្គប្រទាន។ ដោយស្វែងយល់បន្ថែម អំពីព្រះវរបិតា ដែលទ្រង់មានព្រះទ័យស្មោះត្រង់។ ដោយលូតលាស់ នៅក្នុងការទុកចិត្ត និងការអត់ធ្មត់។ ដោយទទួលស្គាល់ថា ជីវិតរបស់យើង គឺសម្រាប់រស់នៅថ្វាយព្រះ គឺមិនមែនសម្រាប់ខ្លួនឯង។ ដោយសូមឲ្យព្រះអង្គបង្រៀនយើង ឲ្យមានចិត្តស្កប់ស្កល់ ក្នុងព្រះអង្គ។—ANNE CETAS