មាន​ពេល​មួយ​លោក​ចេសិន(Jason) ត្រូវ​ទទួល​ការ​វះ​កាត់​ជា​បន្ទាន់។ បន្ទាប់​ពី​ការ​វះ​កាត់​ដ៏​ជោគ​ជ័យ គាត់​ក៏​បានទទួល​វិក័យ​ប័ត្រ​ជា​ច្រើន សម្រាប់​ថ្នាំ​សណ្តំ ការ​វះ​កាត់ បន្ទប់​វះកា​ត់ និង​ការ​ចំណាយ​ផ្សេង​ទៀត​នៅ​មន្ទីរ​ពេទ្យ។ គាត់​ក៏​បាន​ត្អូញ​ត្អែរ​ថា “បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប​រង​បាន​ចេញ​ថ្លៃ​ពេទ្យ​ហើយ យើង​នៅ​ជំពាក់​លុយ​គេ​រាប់​ពាន់​ដុល្លា​ទៀត។ បើ​សិន​ជា​យើង​អាច​បង់​ថ្លៃ​ចំណាយ​ទាំង​នោះ​ឲ្យ​អស់ យើង​នឹង​​រស់​នៅបាន​ស្រួល ហើយ​ខ្ញុំ​ក៏​នឹង​មានចិត្ត​ស្កប់​ស្កល់”។ គាត់​មាន​អារម្មណ៍​ថា គាត់​ហាក់​ដូច​ជា​កំពុង​តែ​លេង​ល្បែង​វាយ​សត្វ​កំពីង​ដូង” ដែល​ក្នុង​នោះ សត្វកំពីង​ដូង​ជ័រ​ជា​ច្រើន​ក្បាល បាន​លេច​ចេញ​តាម​រន្ធ​ឆ្លាស់​គ្នា ហើយ​គេ​ត្រូវ​យក​ញញួរ​ជ័រ​វាយ​វា​ឲ្យ​ទាន់ ពេល​វា​អើត​ក្បាល​ចេញ​មក​តាម​រន្ធ​ណា​មួយ។

មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង ដូច​ល្បែង​កម្សាន្ត​មួយ​នេះ​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​ជួប​ការ​ខ្វះ​ខាត តែ​គាត់​បាន​រៀន​អំពី​អាថ៌​កំបាំង​នៃ​ការ​ស្កប់​ចិត្ត ក្នុង​កាលៈ​ទេសៈ​ទាំង​អស់​(ភីលីព ៤:១២)។ អាថ៌​កំបាំង​នោះ​គឺ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។ ពេល​ណា​ខ្ញុំ​ជួប​ការ​ខ្វះ​ខាត ហើយ​ត្រូវ​ការ​ការ​ស្កប់​ចិត្ត ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​ខ​គម្ពីរ​ទាំង​នេះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯងថា បើ​ខ្ញុំ​មិន​រៀន​ស្កប់​ចិត្ត ក្នុង​រឿង​នេះ នៅ​ពេល​ឥឡូវ​នេះ​ទេ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្កប់​ចិត្ត នៅ​ក្នុង​រឿង​ផ្សេង​បាន?

តើ​យើង​អាច​រៀន​សម្រាក នៅ​ក្នុង​ព្រះយេស៊ូវ ដោយ​របៀប​ណា? យើង​អាច​រៀន​សម្រាក​ក្នុង​ព្រះអង្គ ដោយ​ផ្តោត ទៅ​លើ​ការ​អរ​សប្បាយ និង​ការ​ដឹង​គុណ សម្រាប់​ការ​ល្អ​ដែល​ព្រះ​អង្គ​ប្រទាន។ ដោយ​ស្វែង​យល់​បន្ថែម អំពី​ព្រះ​វរបិតា ដែល​ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់។ ដោយ​លូត​លាស់ នៅ​ក្នុង​ការ​ទុក​ចិត្ត និង​ការ​អត់​ធ្មត់។ ដោយ​ទទួល​ស្គាល់​ថា ជីវិត​របស់​យើង គឺ​សម្រាប់​រស់​នៅ​ថ្វាយ​ព្រះ គឺ​មិន​មែន​សម្រាប់​ខ្លួន​ឯង។ ដោយ​សូម​ឲ្យ​ព្រះ​អង្គ​បង្រៀនយើង ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ ក្នុង​ព្រះ​អង្គ។​—ANNE CETAS