អ្នកដឹកនាំក្រុមចម្រៀងមហាវិទ្យាល័យរបស់យើងបានដឹកនាំក្រុម និងបានប្រគុំបទចម្រៀងជាមួយយើង ដោយលេងព្យាណូ។ គាត់បានថ្លឹងថ្លែងការទទួលខុសត្រូវទាំងនេះ យ៉ាងប៉ិនប្រសប់។ ពេលដែលការប្រគុំតន្រ្តីមួយបានបញ្ចប់ មើលទៅគាត់ដូចជាមានភាពហត់នឿយណាស់ ដូចនេះ ខ្ញុំក៏បានសួរសុខទុក្ខគាត់។ គាត់ក៏បានឆ្លើយតបថា គាត់មិនដែលបានធ្វើដូចនេះពីមុនមកទេ។ បន្ទាប់មកគាត់ក៏បានរៀបរាប់ថា គាត់ពិបាកលេងព្យាណូនោះឲ្យត្រូវតុង ហេតុនេះហើយ ក្នុងការប្រគុំតន្រ្តីនេះទាំងមូល គាត់បានលេងព្យាណូនេះ ដោយប្រើឃីពីផ្សេងគ្នា ដោយដៃម្ខាងលេងឃីមួយ ហើយដៃម្ខាង លេងឃីមួយទៀត។ ខ្ញុំមានការស្ញើចសរសើរ ចំពោះជំនាញដែលគួរឲ្យភ្ញាក់ផ្អើលរបស់គាត់ ហើយខ្ញុំក៏ស្ងប់ស្ងែងចំពោះព្រះជាម្ចាស់ ដែលបានបង្កើតមនុស្ស ឲ្យមានសមត្ថភាពដូចនេះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្តេចដាវីឌដែលបានបង្ហាញចេញនូវព្រះទ័យស្ងប់ស្ងែងលើសនេះទៀត ចំពោះព្រះជាម្ចាស់ ដោយបន្លើសំឡេងឡើងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ(ទំនុកដំកើង ១៣៩:១៤)។ ទោះយើងមានភាពស្ងប់ស្ងែងចំពោះសមត្ថភាពរបស់មនុស្ស ឬភាពអស្ចារ្យនៃធម្មជាតិក្តី សូមយើងចាំថា ភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ សុទ្ធតែបាននាំយើងឲ្យងាកទៅរកព្រះអង្គ ដែលជាព្រះអាទិកររបស់យើង។
ថ្ងៃណាមួយ ពេលណាយើងបានចូលក្នុងព្រះវត្តមានព្រះ ក្នុងនគរស្ថានសួគ៌ យើងនឹងបានឃើញមនុស្សគ្រប់ជំនាន់ថ្វាយបង្គំព្រះអង្គ ដោយពោលឡើងថា “ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង”(វិវរណៈ ៤:១១)។ ជំនាញដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានយើង និងសម្រស់ដ៏អស្ចារ្យទាំងឡាយ ដែលព្រះអង្គបានបង្កើត គឺសុទ្ធតែជាមូលហេតុដែលយើងត្រូវថ្វាយបង្គំព្រះអង្គ។—BILL CROWDER