មាន​ពេល​មួយ លោក​ហ្សៀល(Zeal) ដែល​ជា​អ្នក​ធ្វើ​ជំនួញ នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​ទៅ​សួរ​សុខ​ទុក្ខ​យុវ​ជន​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ នៅ​ទីក្រុង​ឡូហ្កូស បន្ទាប់​ពី​ត្រូវ​គេ​បាញ់​ចំ​ភ្លៅ។ ពេល​ដែល​យុវជន​រូប​នេះមាន​ភាព​ធូរ​ស្បើយ​ល្មម​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​ពេទ្យ​ឡើយ ទាល់​តែ​គាត់​បានបង់​ថ្លៃ​ពេទ្យ​ជា​មុន​សិន។ នេះ​ជា​គោល​នយោ​បាយ ដែល​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​ច្រើន ក្នុង​តំបន់​នេះ​បាន​អនុវត្ត​តាម។ បន្ទាប់​ពី​លោក​ហ្សៀល​បាន​ប្រឹក្សា​យោបល​ជា​មួយ​អ្នក​ធ្វើ​ការ​មនុស្ស​ធម៌​ម្នាក់​ហើយ គាត់​ក៏​បាន​បង់​ថ្លៃ​ពេទ្យ​ទាំង​អស់ឲ្យ​យុវជន​នោះ ជា​លក្ខណៈ​អនាមិក ដោយ​ប្រើ​មូល​និធិ​មនុស្ស​ធម៌ ដែល​គាត់​បាន​រៃ​អង្គាស​បាន​កាល​ពី​ពេល​កន្លង​មក​។ គាត់​ធ្វើ​ដូច​នេះ គឺ​ដើម្បី​បង្ហាញ​សេចក្តី​ជំនឿ​របស់​គាត់ ដែល​ជា​គ្រីស្ទ​បរិស័ទ។ គាត់ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នក​ដែល​បាន​ទទួល​អំណោយ​សប្បុរស​ធម៌​នេះ នឹង​ជួយ​យក​អសារ​អ្នក​ដទៃ នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​

ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​ការ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​ប្រើ​ធន​ធាន​ដែលព្រះ​ទ្រង់​ប្រទាន។ ឧទាហរណ៍ កាល​លោក​ម៉ូសេ​បង្រៀន​ពួក​អ៊ីស្រាអែល អំពី​របៀប​រស់​នៅ​ក្នុង​ទឹក​ដី​សន្យា គាត់បាន​ប្រាប់​ពួក​គេ​ឲ្យ​ថ្វាយ​ទៅ​ព្រះ​ជាម្ចាស់ ជា​ទី​មួយ (មើល​ចោទិយកថា ២៦:១-៣) ហើយ​ត្រូវ​ទំនុក​បម្រុង​ដល់​អ្នក​ខ្វះ​ខាត ដែល​ជា​ជន​បរទេស ក្មេង​កំព្រា និង​ស្រ្តី​មេម៉ាយ(ខ.១២)។ ដោយសារ​ពួក​គេ​កំពុង​តែ​រស់​នៅ ក្នុង​ទឹក​ដី​ដែល “​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ”(ខ.១៥) នោះ​ពួក​គេ​ត្រូវ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ដល់អ្នក​ទាល់​ក្រ។

យើង​ក៏​អាច​នាំ​ឲ្យ​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​ចែក​រំលែក​ធន​ធាន​របស់​យើង ទោះ​តិចឬ​ច្រើន​ក្តី។ យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ចែក​រំលែក​ធន​ធាន​ដោយ​ផ្ទាល់ ដូច​លោក​ហ្សៀល​ទេ ប៉ុន្តែ យើង​អាចទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បង្ហាញ ឲ្យ​យើង​ដឹង អំពី​របៀប​ចែក​រំលែក ឬ​ដឹង​ថា នរណា​ខ្លះ​កំពុង​ត្រូវ​ការ​ជំនួយ​យើង។—AMY BOUCHER PYE