ស៊ុនដូគូ គឺជាពាក្យជាភាសាជប៉ុន ដែលខ្ញុំតែងតែត្រូវការជានិច្ច។ គេប្រើពាក្យនេះ សំដៅទៅលើសៀវភៅមួយជង់នៅលើតុ នៅចំហៀងគ្រែ ដែលកំពុងរង់ចាំឲ្យគេអាន។ សៀវភៅផ្តល់ឲ្យនូវសក្តានុពល សម្រាប់ការរៀនសូត្រ ឬគេចចេញ ទៅរកពេលវេលា ឬទីកន្លែងផ្សេង ហើយខ្ញុំចង់បានភាពសប្បាយរីករាយ និងចំណេះដឹង ដែលមានក្នុងទំព័រសៀវភៅទាំងនោះ។ ដូចនេះ ខ្ញុំនៅតែមានសៀវភៅមួយជង់នោះ នៅក្បែរគ្រែគេងរបស់ខ្ញុំជានិច្ច។
រឿងនេះបានធ្វើខ្ញុំនឹកចាំថា យើងអាចរកឃើញក្តីអំណរ និងជំនួយដ៏ពិត នៅក្នុងសៀវភៅដែលល្អបំផុត គឺព្រះគម្ពីរប៊ីប។ ជាក់ស្តែង ខ្ញុំបានទទួលការលើកទឹកចិត្ត ឲ្យមុជខ្លួនចូលឲ្យជ្រៅ ទៅក្នុងព្រះគម្ពីរ ពេលដែលខ្ញុំអានសេចក្តីបង្គាប់របស់ព្រះអម្ចាស់ សម្រាប់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំថ្មីរបស់ពួកអ៊ីស្រាអែល ដែលព្រះអង្គបានចាត់តាំងឲ្យដឹកនាំពួកគេ ចូលក្នុងទឹកដីសន្យា(យ៉ូស្វេ ១:៨)។
ព្រះជាម្ចាស់ជ្រាបថា លោកយ៉ូស្វេនឹងជួបប្រទះការលំបាកនៅពេលខាងមុខ ដូចនេះ ព្រះអង្គក៏បានមានបន្ទូលធានាចំពោះគាត់ថា ព្រះអង្គនឹងគង់នៅជាមួយគាត់ជានិច្ច(ខ.៥)។ ព្រះអង្គនឹងជួយគាត់តាមមធ្យោបាយជាច្រើន ហើយក៏តាមរយៈការស្តាប់បង្គាប់ ដែលគាត់មានចំពោះព្រះអង្គផងដែរ។ ដូចនេះ ព្រះអង្គក៏បានបង្គាប់គាត់ថា “កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ”(ខ.៨)។ ទោះលោកយ៉ូស្វេមានព្រះគម្ពីរក្រឹត្យវិន័យក៏ដោយ ក៏គាត់នៅតែចាំបាច់ត្រូវសិក្សាស្វែងយល់ព្រះគម្ពីរនោះ ជាទៀងទាត់ ដើម្បីទទួលបាននូវចំណេះដឹង និងដឹងថាព្រះអង្គជានរណា ហើយមានព្រះទ័យយ៉ាងណាសម្រាប់រាស្រ្តព្រះអង្គ។
តើអ្នកត្រូវការការបង្រៀន សេចក្តីពិត ឬការលើកទឹកចិត្ត នៅថ្ងៃនេះទេ? សូមយើងចំណាយពេលអានព្រះគម្ពីរ ហើយស្តាប់បង្គាប់ ព្រមទាំងចម្រើនឡើង ដើម្បីឲ្យយើងអាចយល់ច្បាស់ និងចងចាំ អ្វីដែលមានចែងក្នុងទំព័រនៃព្រះគម្ពីរ(២ធីម៉ូថេ ៣:១៦)។ —LISA M. SAMRA