ស៊ុនដូគូ គឺ​ជា​ពាក្យ​ជា​ភាសា​ជប៉ុន ដែល​ខ្ញុំ​តែង​តែ​ត្រូវ​ការ​ជា​និច្ច។ គេ​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ​សៀវភៅ​មួយ​ជង់នៅ​លើ​តុ នៅ​ចំហៀង​គ្រែ ដែល​កំពុង​រង់​ចាំ​ឲ្យ​គេ​អាន។ សៀវភៅ​ផ្តល់​ឲ្យ​នូវ​សក្តានុ​ពល សម្រាប់​ការ​រៀន​សូត្រ ឬ​គេច​ចេញ ទៅ​រក​ពេល​វេលា ឬ​ទី​កន្លែង​ផ្សេង ហើយ​ខ្ញុំ​ចង់​បាន​ភាព​សប្បាយ​រីក​រាយ និង​ចំណេះ​ដឹង ដែល​មាន​ក្នុង​ទំព័រ​សៀវភៅ​ទាំង​នោះ។ ដូច​នេះ ខ្ញុំ​នៅ​តែ​មាន​សៀវភៅ​មួយ​ជង់​នោះ នៅ​ក្បែរ​គ្រែ​គេង​របស់​ខ្ញុំ​ជា​និច្ច។

រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា យើង​អាច​រក​ឃើញ​ក្តី​អំណរ និង​ជំនួយ​ដ៏​ពិត នៅ​ក្នុង​សៀវភៅ​ដែល​ល្អ​បំផុត គឺ​ព្រះ​គម្ពីរ​ប៊ីប​។ ជាក់​ស្តែង ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មុជ​ខ្លួន​ចូល​ឲ្យ​ជ្រៅ ទៅ​ក្នុង​ព្រះ​គម្ពីរ ពេល​ដែល​ខ្ញុំ​អាន​សេចក្តី​បង្គាប់​របស់​ព្រះ​អម្ចាស់ សម្រាប់​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ដឹក​នាំ​ថ្មី​របស់​ពួក​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ចាត់​តាំង​ឲ្យដឹក​នាំ​ពួក​គេ ចូល​ក្នុង​ទឹក​ដី​សន្យា​(យ៉ូស្វេ ១:៨)។

ព្រះ​ជា​ម្ចាស់​ជ្រាប​ថា លោក​យ៉ូស្វេ​នឹង​ជួប​ប្រទះ​ការ​លំបាក​នៅ​ពេល​ខាង​មុខ ដូច​នេះ​ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ធានា​ចំពោះ​គាត់​ថា ព្រះ​អង្គ​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច​(ខ.៥)។ ព្រះ​អង្គ​នឹង​ជួយ​គាត់​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ក៏​តាម​រយៈ​ការ​ស្តាប់​បង្គាប់ ដែល​គាត់​មាន​ចំពោះ​ព្រះ​អង្គ​ផង​ដែរ។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​បង្គាប់​គាត់​ថា “កុំ​ឲ្យ​គម្ពីរក្រឹត្យ​វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ​”(ខ.៨)។​ ទោះ​លោក​យ៉ូស្វេ​មាន​ព្រះ​គម្ពីរ​ក្រឹត្យ​វិន័យ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាំ​បាច់​ត្រូវ​សិក្សា​ស្វែង​យល់​ព្រះ​គម្ពីរ​នោះ ជា​ទៀង​ទាត់ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​ដឹង​ថា​ព្រះ​អង្គ​ជា​នរណា ហើយ​មាន​ព្រះ​ទ័យ​យ៉ាង​ណា​សម្រាប់​រាស្រ្ត​ព្រះ​អង្គ។​

តើ​អ្នក​ត្រូវ​ការ​ការ​បង្រៀន សេចក្តី​ពិត ឬ​ការ​លើក​ទឹក​ចិត្ត នៅ​ថ្ងៃ​នេះ​ទេ? សូម​យើង​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ ហើយ​ស្តាប់​បង្គាប់ ព្រម​ទាំង​ចម្រើន​ឡើង ដើម្បី​ឲ្យ​យើង​អាច​យល់​ច្បាស់ និង​ចង​ចាំ អ្វី​ដែល​មាន​ចែង​ក្នុង​ទំព័រ​នៃ​ព្រះ​គម្ពីរ​(២ធីម៉ូថេ ៣:១៦)។ —LISA M. SAMRA