ប៉ុស្ទិ៍​ទូរទស្សន៍​ប៊ីប៊ីសី បាន​ចាក់​ផ្សាយ​កម្ម​វិធី​ឯក​សារ​សត្វ​មួយ ក្រោម​ចំណង​ជើង​ថា​ជីវិត​របស់​ថានិក​សត្វ ដែល​ក្នុងនោះ លោក​ដេវីឌ អាថេនប៉ូរូក(David Attenborough) ដែល​ជា​ពិធីករ បាន​ឡើង​ដើម​ឈើ​មួយ​ដើម ដើម្បី​ទស្សនា​សត្វ​អាញី​មួយ​ប្រភេទ តាម​របៀប​ដែល​គួរ​ឲ្យ​អស់​សំណើច។ គាត់​បាន​នៅ​ចំពោះ​មុខ​សត្វ​នោះ ដែល​ផ្លាស់​ទី​យឺត​ជាង​គេ នៅ​ក្នុង​ពិភព​លោក ហើយ​ជើង​នី​មួយ​ៗ​មាន​ម្រាម​តែ​បី​ប៉ុណ្ណោះ។ ពេល​នោះ គាត់ក៏​ជំរាប​សួរ​វា ដោយ​និយាយ​ថា “ប៊ូ!” ដោយ​សារ​វា​មិន​ឆ្លើយ​តប​អ្វី​សោះ គាត់​ក៏​បាន​ពន្យល់​ថា​ អ្នក​ក៏​នឹង​ផ្លាស់​ទី​យឺត​ៗ​ផង​ដែរ បើ​សិន​ជាអ្នក​ជា​សត្វ​អាញី​ដែល​មាន​ម្រាម​បី ដែល​រស់​នៅ ដោយ​ស៊ី​ស្លឹក​ឈើ​ជា​អាហា​រូប​ត្ថម្ភ ដែល​ពិបាក​រំលាយ និង​មិន​សូវ​មាន​ជីវ​ជាតិ។​

នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ប្រជា​ជន​អ៊ីស្រាអែល លោក​នេហេមា​បាន​រំឭក​យើង អំពី​គំរូ​មួយ​ទៀត និង​បាន​ពន្យល់​អំពីភាព​យឺត​មួយ​បែប​ទៀត​(៩:៩-២១) តែ​វា​មិន​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ យោង​តាម​លោក​នេហេមា ព្រះ​ជា​ម្ចាស់​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​ការ​គ្រប់​គ្រង​កំហឹង ដ្បិត​ព្រះ​អង្គ​តែង​តែ​យឺត​នឹង​ខឹង។ លោក​នេហេមា​បាន​រំឭក អំពី​របៀប​ដែល​ព្រះ​ទ្រង់​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ ដោយ​បង្គាប់​ពួក​គេ ឲ្យ​កាន់​តាម​ក្រឹត្យ​វិន័យ​ដែល​នាំ​មក​នូវ​ជីវិត ដោយ​ទ្រ​ទ្រង់​ជីវិត​ពួក​គេ ក្នុង​ដំណើរ​ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ប្រទាន​ទឹក​ដី​សន្យា​ឲ្យ​ពួក​គេ​រស់​នៅ​(ខ.៩-១៥)។ ទោះ​ពួក​អ៊ីស្រាអែល​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ​ក៏​ដោយ​(ខ.១៦) ក៏​ព្រះ​អង្គ​នៅ​តែ​មិន​ឈប់​ស្រឡាញ់​ពួក​គេ។ ត្រង់​ចំណុច​នេះ លោក​នេហេមា​បាន​បក​ស្រាយ​ថា ព្រះ​អាទិករ​របស់​យើង “ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏សន្តោស ហើយ​មេត្តា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ” (ខ.១៧)។ តើ​មាន​ហេតុ​ផល​អ្វី​ទៀត ដែល​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អត់​ធ្មត់​យ៉ាង​នេះ ពេល​ដែល​រាស្រ្ត​របស់​ព្រះ​អង្គ​រអ៊ូរទាំ ខ្វះ​ជំនឿ និង​មិន​ទុក​ចិត្ត​ព្រះ​អង្គ​អស់​៤០​ឆ្នាំ? (ខ.២១)។ គឺ​ដោយ​សារ​ព្រះ​ជាម្ចាស់​មាន “សេចក្តី​មេត្តា​ករុណា​ក្រៃ​លែង”(ខ.១៩)។

ចុះ​ចំណែក​យើង​វិញ? កំហឹង​ដែល​ឆួល​ក្តៅ​របស់​យើង គឺ​ជា​សញ្ញា​បង្ហាញ​ថា យើង​កំពុង​តែ​ខ្វះ​ក្តី​អាណឹត។ ប៉ុន្តែ ភាព​អស្ចារ្យ​នៃ​ព្រះ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់ ដែល​យឺត​នឹង​ខឹង គឺ​បាន​ធ្វើ​ជា​គំរូ និង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រស់​នៅ ដោយ​ចិត្ត​អត់​ធ្មត់ និង​ស្រឡាញ់​ព្រះ​អង្គ។—MART DEHAAN