ប៉ុស្ទិ៍ទូរទស្សន៍ប៊ីប៊ីសី បានចាក់ផ្សាយកម្មវិធីឯកសារសត្វមួយ ក្រោមចំណងជើងថាជីវិតរបស់ថានិកសត្វ ដែលក្នុងនោះ លោកដេវីឌ អាថេនប៉ូរូក(David Attenborough) ដែលជាពិធីករ បានឡើងដើមឈើមួយដើម ដើម្បីទស្សនាសត្វអាញីមួយប្រភេទ តាមរបៀបដែលគួរឲ្យអស់សំណើច។ គាត់បាននៅចំពោះមុខសត្វនោះ ដែលផ្លាស់ទីយឺតជាងគេ នៅក្នុងពិភពលោក ហើយជើងនីមួយៗមានម្រាមតែបីប៉ុណ្ណោះ។ ពេលនោះ គាត់ក៏ជំរាបសួរវា ដោយនិយាយថា “ប៊ូ!” ដោយសារវាមិនឆ្លើយតបអ្វីសោះ គាត់ក៏បានពន្យល់ថា អ្នកក៏នឹងផ្លាស់ទីយឺតៗផងដែរ បើសិនជាអ្នកជាសត្វអាញីដែលមានម្រាមបី ដែលរស់នៅ ដោយស៊ីស្លឹកឈើជាអាហារូបត្ថម្ភ ដែលពិបាករំលាយ និងមិនសូវមានជីវជាតិ។
នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែល លោកនេហេមាបានរំឭកយើង អំពីគំរូមួយទៀត និងបានពន្យល់អំពីភាពយឺតមួយបែបទៀត(៩:៩-២១) តែវាមិនគួរឲ្យអស់សំណើចនោះឡើយ។ យោងតាមលោកនេហេមា ព្រះជាម្ចាស់ជាគំរូដ៏ល្អបំផុត នៅក្នុងការគ្រប់គ្រងកំហឹង ដ្បិតព្រះអង្គតែងតែយឺតនឹងខឹង។ លោកនេហេមាបានរំឭក អំពីរបៀបដែលព្រះទ្រង់ថែរក្សារាស្រ្តព្រះអង្គ ដោយបង្គាប់ពួកគេ ឲ្យកាន់តាមក្រឹត្យវិន័យដែលនាំមកនូវជីវិត ដោយទ្រទ្រង់ជីវិតពួកគេ ក្នុងដំណើរចេញពីទឹកដីអេស៊ីព្ទ ហើយប្រទានទឹកដីសន្យាឲ្យពួកគេរស់នៅ(ខ.៩-១៥)។ ទោះពួកអ៊ីស្រាអែលតែងតែបះបោរប្រឆាំងនឹងព្រះអង្គក៏ដោយ(ខ.១៦) ក៏ព្រះអង្គនៅតែមិនឈប់ស្រឡាញ់ពួកគេ។ ត្រង់ចំណុចនេះ លោកនេហេមាបានបកស្រាយថា ព្រះអាទិកររបស់យើង “ទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ” (ខ.១៧)។ តើមានហេតុផលអ្វីទៀត ដែលព្រះអង្គមានព្រះទ័យអត់ធ្មត់យ៉ាងនេះ ពេលដែលរាស្រ្តរបស់ព្រះអង្គរអ៊ូរទាំ ខ្វះជំនឿ និងមិនទុកចិត្តព្រះអង្គអស់៤០ឆ្នាំ? (ខ.២១)។ គឺដោយសារព្រះជាម្ចាស់មាន “សេចក្តីមេត្តាករុណាក្រៃលែង”(ខ.១៩)។
ចុះចំណែកយើងវិញ? កំហឹងដែលឆួលក្តៅរបស់យើង គឺជាសញ្ញាបង្ហាញថា យើងកំពុងតែខ្វះក្តីអាណឹត។ ប៉ុន្តែ ភាពអស្ចារ្យនៃព្រះទ័យរបស់ព្រះជាម្ចាស់ ដែលយឺតនឹងខឹង គឺបានធ្វើជាគំរូ និងលើកទឹកចិត្តយើងឲ្យរស់នៅ ដោយចិត្តអត់ធ្មត់ និងស្រឡាញ់ព្រះអង្គ។—MART DEHAAN